ក្រុមហ៊ុនអាកាសចរណ៍ Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃទៅ ខេត្តសៀមរាប ដែលនឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី 0៣ ខែមិថុនាខាងមុខ
AKP ភ្នំពេញ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក កំពុងជំរុញការតភ្ជាប់កម្ពុជា-អារ៉ាប់រួម (United Arab Emirates) ជាមួយនឹងការបន្ថែមជើងហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកក ចាប់ពីថ្ងៃទី 0៣ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ចេញផ្សាយថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
បើតាមក្រុមហ៊ុនបានឱ្យដឹងថា សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ សម្រាប់ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩: ០០ និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី ដែលនិងមកដល់ខេត្ដសៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ Dubai នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជាម៉ោងក្នុងស្រុក។
ជាមួយនឹងផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។ ទន្ទឹមនេះ សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។
សូមជម្រាបជូនថា ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។ អ្នកធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងរ៉ាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦ ៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ៕
ដោយ៖ រិទ្ធី





