ព្រះមុនីធម្មវេទី ឡាំ អិត និងក្រុមការងារ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥--ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត និងជាព្រះប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងសហការី កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ២គ្រួសារ នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៥។

លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានបញ្ជាក់ថា ករណីភ្លើងឆេះផ្ទះនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេក្នុងហេតុការណ៍ភ្លើងឆេះនេះដែរ តែបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារអស់ទាំងស្រុង និងសម្ភារជាច្រើនទៀតរួមមាន៖ គ្រួសាររងគ្រោះទី១ម្ចាស់ផ្ទះឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ បានបំផ្លាញទ្រព្យសម្បត្ដិភាគច្រើនផ្ទះ១ខ្នងផ្ទះធ្វើអំពីឈើ ប្រក់ក្បឿងជញ្ជាំងក្ដារទំហំ៧,៥ម៉ែត្រគុណ១២ម៉ែតឆេះអស់ទាំងស្រុង និងគ្រួសារទី២ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញផ្ទះ១ខ្នងទំហំ៧ម៉ែត្រគុណ១៤ម៉ែត្រប្រក់ក្បឿង ជញ្ជាំងក្ដារបានបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារអស់ជាច្រើន។

ព្រះមុនីធម្មវេទី ឡាំ អិត មានសង្ឃដីកាសម្ដែងពីការចូលរួមសោកស្ដាយដែលបានបាត់បង់នូវទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គិភ័យបានលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង ដូចនេះហើយក្នុងនាមជាព្រះសង្ឃ និងក្រុមការងារខេត្តកំពង់ធំបានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈល្អប្រសើរ។

ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្តបានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន និងសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះរដូវនេះជារដូវក្តៅសូមប្រុងប្រយ័ត្នទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយធម៌ដែលផ្ដល់ជូនដល់គ្រួសាររងគ្រោះទាំងពីររួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕
ដោយ ស៊ុម វណ្ណា





