លោក មុយ មុន្និន៖ មណ្ឌលសុខភាពព្រះដំរីនឹងជួយបង្កើនសុខភាពប្រជាពលរដ្ឋក្នុងឃុំឱ្យកាន់តែប្រសើរឡើង
AKP កំពង់ធំ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥-- លោក មុយ មុន្និន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី បានមានប្រសាសន៍ថា មណ្ឌលសុខភាពព្រះដំរីនឹងជួយបង្កើនសុខភាពប្រជាពលរដ្ឋក្នុងឃុំឱ្យកាន់តែប្រសើរឡើងក្នុងឱកាសដែលលោក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលីបញ្ចុះបឋមសីលាសាងសង់មណ្ឌលសុខភាពថ្មីនៅភូមិព្រះដំរី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

លោក មុយ មុន្និន បានមានប្រសាសន៍ថា ការកសាងមណ្ឌលសុខភាពព្រះដំរីថ្មីនេះគឺជាគោលនយោបាយគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ និងបង្ខិតសេវាសុខាភិបាលឱ្យបានកៀក និងដល់ជណ្ដើរផ្ទះប្រជាពលរដ្ឋក្នុងការផ្ដល់សេវា និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោក មុយ មុន្និន បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុខភាពនេះប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងអនុវត្តតួនាទី ភារកិច្ចប្រកបដោយទំនួលខុសត្រូវជាពិសេសសុខុមាលភាព សុខភាពប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះប្រកបដោយការជឿទុកចិត្ត ផាសុកភាព និងសុវត្ថិភាពខ្ពស់បំផុត ពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ និងកុមារ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាព ជីវភាពរស់នៅ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រស្អេកស្កះដែលកំពុងអភិវឌ្ឍស្រុកស្ទោងឱ្យកាន់តែមានភាពរីកចម្រើនជាលំដាប់។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុកបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមថែរក្សាសុខភាពឱ្យបានល្អប្រសើរជាពិសេសថែរក្សានូវសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានឱ្យបានឋិតថេរជានិរន្ត ដែលបានមកដោយការលះបង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា អគារមណ្ឌលសុខភាពព្រះដំរីថ្មីនេះមានទំហំ១៩ម៉ែត្រគុណ៩,៥ម៉ែត្រ មានកម្ពស់២ជាន់ ជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹក និងឧតុនិយមហើយក្រុមការងារក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមសរុប៣១៨នាក់ (ស្រី២០៥នាក់)៕
ដោយ ស៊ុម វណ្ណា





