ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានសម្រិតសម្រាំងដើម្បីពង្រឹងបន្ថែមធនធានមនុស្សលើវិស័យសុខាភិបាលនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥-- ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ដោយមានការសម្រិតសម្រាំងដើម្បីជ្រើសរើសសិស្ស-និស្សិត ពូកែមានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាលដែលជាវិស័យសំខាន់មួយ សម្រាប់ធនធានធមនុស្សនៅកម្ពុជា។

ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានបញ្ជាក់ប្រាប់ថា វិញ្ញាសា ប្រឡងត្រូវបានរៀបចំយ៉ាងសម្ងាត់ ដែលគ្មាននរណាម្នាក់បានដឹងមុនទេ ក្រៅអំពីអ្នកចេញវិញ្ញាសា ចំនួន២ទៅ៣នាក់ ប៉ុណ្ណោះ។ សម្រាប់ការចេញវិញ្ញាសាទៀតសោត គឺចេញពេលព្រឹករសៀលឱ្យបេក្ខជនប្រឡង ហើយនៅពេលប្រឡងរួចរាល់ទើបអ្នកចេញវិញ្ញាសា អាចចាកចេញពីបន្ទប់បាន។ ក្នុងន័យនេះគឺការប្រឡងដើម្បីឱ្យមានភាពសុក្រិតភាព តម្លាភាព យុត្តិធម៌ និងចម្រាញ់យកនិស្សិតមានសមត្ថភាពពិតប្រាកដចូលរៀន។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា ឆ្នាំនេះ គណៈកម្មធិការប្រឡងបានធ្វើទំនើបកម្មមួយគឺការប្រឡងបានទទួលពាក្យបេក្ខជនតាមរយៈអនឡាញ ដែលនេះគឺជាការកាត់បន្ថយនីតិវិធី និងពេលវេលាដល់សិស្ស-និស្សិតមកប្រឡងដោយមិនបាច់ចំណាយពេលច្រើនពិសេសតាមបណ្តាខេត្តមិនចាំបាច់ធ្វើដំណើរឆ្ងាយមកទិញពាក្យនោះឡើយ ពោលគឺខេត្តឆ្ងាយៗដូចជា រតនគិរី មណ្ឌលគិរី ឬបណ្តាខេត្តដទៃទៀតក៏អាចចូលរួមប្រឡងបានដូចគ្នាដែរ។ ការប្រឡងថ្នាក់ជាតិចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន ១០ ៥៦៩នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់ បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១០ ៥២៨នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន។ ចំណែកគណៈកម្មការ និងអនុគណៈកម្មការនានា សរុបចំនួន១ ៧៥០នាក់ ត្រូវបានចាត់តាំងឡើង ដែលមានសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន ដើម្បីគ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និង ប្រកាសលទ្ធផល។ ការប្រឡងនេះមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងប្រាប់ថា ការប្រឡងនេះគឺធ្វើឡើងដោយសម្រិតសម្រាំងរកបេក្ខជនមានសមត្ថភាពពិតប្រាកដក្រោមរូបភាពអ្នកចេះគឺជាប់ ឯអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត ដោយធ្វើយ៉ាងណាយើងសម្រិតសម្រាំងរកវេជ្ជបណ្ឌិតមានសមត្ថភាពខ្ពស់ សម្រាប់បម្រើលើវិស័យសុខាភិបាលនាថ្ងៃអនាគត។
សូមបញ្ជាក់ថា ការប្រឡងនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១ និងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នា គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក៕
ដោយ៖ ដេប៉ូ





