ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជួបពិភាក្សាការងារជាមួយសមាគមសណ្ឋាគារ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យសមាគមសណ្ឋាគារប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ប្រធានសមាគមសណ្ឋាគារក្នុងខេត្តព្រះសីហនុ និងសហការី ព្រមទាំងបានជម្រាបជូនពីសក្តានុពល ភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជា ខេត្តព្រះសីហនុ មាន៦ក្រុង ស្រុក ២៩ឃុំ សង្កាត់ និង ១១១ភូមិ មានប្រជាពលរដ្ឋ ៣១ម៉ឺននាក់ អត្រាកំណើនសេដ្ឋកិច្ច ៦ភាគរយ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុ ជាខេត្តស្នូលនៃខេត្តចំនួន៤នៃតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា សក្តានុពលលើវិស័យដឹកជញ្ជូនមានដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ផ្លូវគោក មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវ ល្បឿន លឿន និងផ្លូវដែក ផ្លូវអាកាស ប្រភេទ 4E មានផ្លូវរត់ ៣ ៣០០ម៉ែត្រ វែងជាងភ្នំពេញ ជាច្រកចេញចូលទៅកាន់អន្តរជាតិ ផ្លូវទឹកមានកំពង់ផែចំនួន៣ មានដូចជា កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែទឹកជ្រៅស្វយ័តក្រុងព្រះសីហនុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍជាបីតំណាក់កាលចាប់ពីឆ្នាំ២០២៤ ដល់២០២៩ ឱ្យមានជម្រៅទឹករហូតដល់១៧.៥០ម៉ែត្រ នាវាដែលមានចំណុះ១៦ម៉ឺនតោនអាចចូលចតបាន។ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជាបីតំបន់ធំៗ៖ ១. តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ២.តំបន់ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និង៣. តំបន់កោះ ជាតំបន់ទេសចរណ៍ទំនើប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ និងបន្តដល់២០២៥។ ចំពោះវិស័យឧស្សាហកម្ម ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ។

ដោយឡែក លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារប្រចាំខេត្តព្រះសីហនុ បានជម្រាបជូនពីការចាប់ផ្តើមដំណើរការសមាគម សណ្ឋាគារនៅព្រះរាជាណាចក្រកម្ពុជា គឺបានចាប់ផ្តើមនៅឆ្នាំ២០០៤ និងទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននៅខេត្តព្រះសីហនុ យើងបានរៀបចំជាសមាគមសណ្ឋាគារ ដោយធ្វើការបោះឆ្នោតមានសមាជិកចំនួន៦រូប មកដល់បច្ចុប្បន្នយើងបានចងក្រងសមាជិកសណ្ឋាគារក្នុងខេត្តមានចំនួន២៥សណ្ឋាគារ ហើយសមាគមនឹងបន្តចងក្រងសមាជិកសណ្ឋាគារបន្ថែមទៀត ហើយវិស័យសណ្ឋាគារទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា ហើយការធ្វើបដិសណ្ឋាកិច្ចភ្ញៀវក៏ជាចំណុចមួយសំខាន់សម្រាប់សណ្ឋាគារនីមួយៗផងដែរ ហើយនៅរៀងរាល់ពីរខែម្តងសមគមបានរៀបចំកម្មវិធីជួបជុំសមាជិកសណ្ឋាគារ ដើម្បីធ្វើការពិភាក្សា ដោះស្រាយបញ្ហាប្រឈមក្នុងការរកចំណុចរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ។ ចំពោះតំបន់កោះ មានបញ្ហាប្រឈមសំរាម និងកាកសំណល់ ដែលទាមទារឱ្យយើងចូលរួមដោះស្រាយរួមគ្នា ដោយសារពេលបច្ចុប្បន្ននៅតាមតំបន់កោះភ្ញៀវទេសចរទៅលេងកម្សាន្តមានចំនួនច្រើន ស្របពេលដែលប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ។

ឯកឧត្តមអភិបាលខេត្តបានអបអរការបង្កើតសមាគមសណ្ឋាគារនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា និយាយដោយឡែក គឺមកកាន់ខេត្តព្រះសីហនុ យើងបន្តធ្វើការងារជាមួយគ្នាដោយបើកចំហរ ប្រសិនបើខាងសណ្ឋាគារមានបញ្ហាអ្វីមួយកើតឡើង សូមរាយការណ៍មករដ្ឋបាលខេត្តរួមគ្នាសម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីអូសទាញភ្ញៀវទេសចរ និងអ្នកវិនិយោគលើវិស័យសណ្ឋាគារមកកាន់ខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងការចូលរួមផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ទោះបីបញ្ហាសំរាម និងកាកសំណល់នៅតាមបណ្តាកោះមានបញ្ហាប្រឈម ព្រោះយើងទាំងអស់គ្នាជាអ្នកបង្កើតសំរាម។ ដូច្នេះយើងត្រូវរួមគ្នាសម្អាតអនាម័យ បរិស្ថាន និងសន្តិសុខសុវត្ថិភាព បើចង់ស្អាត ត្រូវតែសម្អាតជារៀងរាល់ថ្ងៃ យើងត្រូវធ្វើជាប្រចាំនូវបរិស្ថានតំបន់ឆ្នេររបស់យើងដោយមានការចូលរួមពីវិស័យឯកជន ដោយការទទួលខុសត្រូវទាំងអស់គ្នា៕
ដោយ ងូ សុមុនី





