ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥។


ក្នុងសុន្ទរកថាស្វាគមន៍របស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀរ សេនធ័រ សែនសុខ បានលើកឡើងថា ពិធីតាំងបង្ហាញពិព័រណ៌រថយន្តនេះ ជាលើកទី២ មានក្រុមហ៊ុនចូលរួមច្រើនទ្វេដង ជាងលើកទី១។ ពិពរណ៌នេះ ជាផ្នែកមួយបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការរៀបចំតាំងបង្ហាញពិព័រណ៌រថយន្ត Auto Show លើកទី២ មានក្រុមហ៊ុនរថយន្ត ក៏ដូចជាដៃគូសហការផ្សេងទៀតចូលរួមជាង ៧០ក្រុមហ៊ុន ដែលជាការប្រមូលផ្ដុំក្រុមហ៊ុនផលិតរថយន្ត អ្នកលក់ និងអ្នកប្រើប្រាស់ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិតផលថ្មី ក៏ដូចជាទីផ្សារសកលនៅកម្ពុជា ព្រមទាំងជាឱកាសទំនាក់ទំនងទៅកាន់អតិថិជន មួយវិញទៀតអ្នកប្រើប្រាស់ក៏ នឹងមានឱកាសទទួលបាននូវបទពិសោធន៍ថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មី រួមជាមួយចំណោះដឹងផ្នែករថយន្ត និងរថយន្តស៊េរីទំនើបថ្មីៗផងដែរ។

គួរបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍រថយន្ត Auto Show លើកទី២ ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥ ដើម្បីទទួលបានបទពិសោធបើកបរសាកល្បងដ៏អស្ចារ្យ និងការតាំងបង្ហាញរថយន្ដ និង រថយន្តស៊េរីថ្មីចុងក្រោយ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងមុខងារសាធារណៈ)





