ឯកឧត្តម អ៊ុន ចាន់ដា៖ កីឡានាំមកនូវសុខភាព និងការសាមគ្គីភាព កាត់បន្ថយនូវអំពើអបាយមុខក្នុងសង្គម
AKP កំពង់ចាម ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា កីឡាជាមូលដ្ឋានគ្រឹះ នាំមកនូវសុខភាព និងការសាមគ្គីភាព ការគោរពវិន័យ ការរក្សាសណ្តាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ និងកិត្តិយស ពិសេសការរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម។ ឯកឧត្តមលើកឡើងដូច្នេះនៅក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅទីលានបាល់ទះសាលាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា វិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ កីឡាក៏ជាមូលដ្ឋានគ្រឹះនៃការគោរពវិន័យ ការរក្សាសណ្តាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សយើង ដែលជាការចាប់ផ្តើមកសាងវប្បធម៌សន្តិភាព ចេះរួមរស់ជាមួយគ្នា ចេះសាមគ្គីភាពគ្នា។ កីឡាក៏ជាសេវាសុខភាពមានតម្លៃស្មើនឹងសេវាសុខាភិបាលផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការប្រកួតកីឡាគឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នា អ្វីដែលសំខាន់នោះគឺដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមកអំពីសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន និងបច្ចេកទេសនៃវិញ្ញាសានីមួយៗ។

ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវក្មួយៗសិស្សានុសិស្ស ត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ និងមិត្តល្អ” ដើម្បីក្លាយខ្លួនជា ពលរដ្ឋល្អ ទៅថ្ងៃអនាគត ដែលមានសម្បត្តិទាំងបួនក្នុងជីវិត គឺ៖ ទី១- សម្បត្តិផ្លូវកាយ ទី២- សម្បត្តិបញ្ញា ទី៣- សម្បត្តិសីលធម៌ និងទី៤- សម្បត្តិទ្រព្យ ទើបឆ្លើយតបនឹងមូលធនមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត៕
ដោយ ឆាយ ម៉ុត





