ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុននៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានមានប្រសាសន៍ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន ដែលប្រារព្ធបិទវគ្គនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលខឿនការពារជាតិ និងជាការចូលរួមថែរក្សាអភិរក្សក្បាច់គុនបុរាណខ្មែរយើង ព្រមទាំងបង្កើនប្រសិទ្ធភាព ទាំងកាយសមប្បទាមាំមួន និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ដើម្បីបម្រើឲ្យការងារប្រយុទ្ធស្របទៅតាមលក្ខណៈបច្ចេកទេស ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឱ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា អ្នកចេះច្រើនបង្រៀន អ្នកចេះតិច អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ ។

តំណាងសិក្ខាកាមបានឡើងសច្ចាប្រណិធាន និងខិតខំយកចំណេះដឹង ចំណេះធ្វើ ជំនាញ ដែលបានសិក្សារៀនសូត្រ ហ្វឹកហាត់កន្លងមក ទៅប្រើប្រាស់ឱ្យចំគោលដៅ ក្នុងកាតព្វកិច្ចជាកងទ័ពអាជីពនៃកងយោធពលខេមរភូមិន្ទ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





