ទំនិញល្មើសច្បាប់ និងខូចគុណភាពប្រមាណ ១០៧មុខ ត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកម្ទេចចោល
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពចំនួន១០៧មុខ ដែលមានទម្ងន់ប្រមាណ ៥០៧តោន ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពារអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋ ពីទំនិញដែលគ្មានភាព។

ថ្លែងក្នុងពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាពនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះ ដែលមិនធ្លាប់មានពីមុនមក ដើម្បីដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន។
ឯកឧត្តមបណ្ឌិតបានបន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (អ.គ.រ) បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន គ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ និងបានជ្រើសយកក្រុមហ៊ុន ជីប ម៉ុង ស៊ិនស៊ី ស៊ីមេន ខបភើរេសិន (ផ្នែកអេកូសាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្នុងចំណោមទំនិញដែលអ.គ.រ ទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះ មានចំនួន១០៧មុខ និងមានទម្ងន់ប្រមាណ៥០៧តោន រួមមាន ទំនិញល្មើសកម្មសិទ្ធិបញ្ញាទម្ងន់ ២ ៣១៥ គីឡូក្រាម ទំនិញល្មើសច្បាប់ចំនួន៤៨មុខ ទម្ងន់១៥១តោន ទំនិញខូចគុណភាពចំនួន៣៣មុខ ទម្ងន់៩៣តោន និងសារធាតុគីមី និងសារធាតុគ្រោះថ្នាក់ចំនួន២៤មុខ ទម្ងន់២៦១តោន។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា សមិទ្ធផលនេះកើតឡើងដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីគយ និងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ការបង្ក្រាបទំនិញខូចគុណភាព ទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បរិស្ថាន និងសង្គមជាតិ។
គួរបញ្ជាក់ដែរថា ពិធីនេះរៀបចំឡើងនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ស្ថិតក្នុងភូមិព្រៃតាព្រិច ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងគោលបំណងធ្វើការកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន៕
ដោយ៖ ស្រីពេជ្រ រូបថត៖ អ៊ុង ហុងលៀង





