អំណោយសប្បុរសធម៌របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ បានយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនក្មួយៗចំនួន០៦នាក់ ដែលជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។


ក្នុងឱកាសនោះ លោកស្រី ដោ សម្ផស្ស បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម។


ទន្ទឹមនឹងនេះ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូននាពេលនេះគឺក្នុងម្នាក់ទទួលបាន អង្ករចំនួន ២៥គ.ក្រ ត្រីខ១យួរ មី១កេសតូច តង់១ផ្ទាំង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២០ម៉ឹនរៀល និងសម្លៀកបំពាក់មួយចំនួនដែលបានមកពីកម្មវិធី “ចាស់អ្នក ថ្មីខ្ញុំ”៕
ដោយ សួស សំរិត





