ខេត្តកែបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ឆ្នាំ២០២៥
AKP កែប ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥-- កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ សម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែបត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។


នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានជំរុញដល់ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ទាំងអស់ត្រូវពិនិត្យលើរបាយការណ៍ប្រចាំខែកុម្ភៈ ដែលរដ្ឋបាលខេត្តបានធ្វើការបូកសរុប ទៅតាមវិស័យរបស់ខ្លួននីមួយៗ ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះចន្លោះលើទិន្នន័យ ឬអក្ខរវិរុទ្ធ ធ្វើយ៉ាងណាឱ្យរបាយការណ៍នេះមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានកោតសរសើរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ធ្វើឱ្យការងារនៅក្នុងខែកុម្ភៈ កន្លងមកនេះ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ទាំងនេះបង្ហាញឱ្យឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តតាមផែនការដែលរដ្ឋបាលខេត្តបានដាក់ចេញប្រចាំខែនីមួយៗបានល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានស្នើឱ្យកងកម្លាំងទាំងអស់ ក៏ដូចជាមន្ទីរអង្គភាពនានា ចូលរួមជាមួយរដ្ឋបាលខេត្ត ត្រៀមលក្ខណៈ និងកែលម្អ រៀបចំទីតាំង ប្រព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ ដើម្បីត្រៀមកម្មវិធី រត់ពាក់កណ្ដាល ម៉ារ៉ាតុង នាថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ខាងមុខ ប្រព្រឹត្តទៅដោយសុខសុវត្ថិភាព៕
ដោយ ប្រាក់ លាង





