ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យអនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំ ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមកភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

លោក រ៉េន រតនៈ ថា ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមកភ្នំពេញ-វៀតណាមមួយចំនួនទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១អំពីការបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ លោកបន្តថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះជាអាទិ៍មាន អ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។
លោក រ៉េន រតនៈ បានបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ ក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រះសង្ឃក៏បានផ្សព្វផ្សាយ និងស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍យ៉ាងមមាញឹកនោះ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





