ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកព្រះនេត្រព្រះ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងលោក ហឿន វីរៈ ជាអភិបាលស្រុកព្រះនេត្រព្រះថ្មី ជំនួសលោក ឃូ ពៅ ដែលត្រូវកាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អភិបាលស្រុកចាស់ និងបានសម្តែងនូវការស្វាគមន៍ចំពោះអភិបាលស្រុកថ្មី និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលស្រុកថ្មី ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍រួម។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាជីវភាពរស់នៅ និងសន្តិសុខសណ្តាប់ធ្នាប់។ ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តជាពិសេសនោះគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព។ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយតម្លាភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានសម្តែងការជឿជាក់ថា អភិបាលស្រុកថ្មីនឹងបំពេញភារកិច្ចបានល្អប្រសើរ និងរួមចំណែកក្នុងការអភិវឌ្ឍស្រុកព្រះនេត្រព្រះឱ្យកាន់តែរីកចម្រើនថែមទៀតនោះ៕

ដោយ ឈុន សារ៉ាត





