កងការពារព្រំដែនលេខ៦០១ បន្តល្បាតការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់ខ្លួន
AKP កណ្ដាល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- លោក វរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបន្តចាត់តាំងលោក អនុសេនីយ៍ឯក ផន ធារិទ្ធិ មេបញ្ជាការកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលជាភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក លន់ លុច មេបញ្ជាការ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ អប់រំពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់យោធិន រួមនឹងបានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា កម្លាំងដើរល្បាត របស់កងការពារព្រំដែនលេខ ៦០១ នៅពេលនេះគឺ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕

ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





