ក្រុមការងាររដ្ឋបាលព្រៃឈើប្រជុំពិភាក្សាដើម្បីរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រុមការងាររដ្ឋបាលព្រៃឈើ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ បានប្រជុំពិភាក្សាជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ឱ្យបានល្អ។

មន្រ្តីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ក្រុមការងាររដ្ឋបាលព្រៃឈើសហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រងព្រៃសហគមន៍ បានចុះពិនិត្យ និងប្រជុំពិភាក្សា ប្រមូលព័ត៌មានជាក់ស្តែង និងបែងចែកតំបន់គ្រប់គ្រង ដើម្បីរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន២កន្លែង នៅក្នុងខេត្តកំពត និងខេត្តបន្ទាយមានជ័យ។

សហគមន៍ចំនួន២កន្លែងរួមមាន ទី១. សហគមន៍ព្រៃឈើព្រៃខ្មៅ ស្ថិតនៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ដែលមានផ្ទៃដីទំហំ១៩៧ហិកតា និងទី២. សហគមន៍ព្រៃឈើពន្សាយជើង ស្ថិតនៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ៣១៨ហិកតា៕

ដោយ ណយ នឿន ( ប្រភព៖ រដ្ឋបាលព្រៃឈើ)





