ក្រសួងមហាផ្ទៃជូនដំណឹងដល់រាជធានី-ខេត្ត ឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ក្រសួងមហាផ្ទៃបានជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពនៅក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗឱ្យបានទៀងទាត់រៀងរាល់ឆមាស ឬតាមការចាំបាច់ ដើម្បីរួមគ្នាពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម ព្រមទាំងសំណើសំណូមពរនានា រួចធ្វើរបាយការណ៍បូកសរុបលទ្ធផល នៃការរៀបចំវេទិកាពិគ្រោះយោបល់នេះផ្ញើជូនមកក្រសួងមហាផ្ទៃ ដើម្បីផ្តល់ការគាំទ្រ និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា ខណៈដែលការអនុវត្តជាក់ស្តែងនាពេលកន្លងមក ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា មានរដ្ឋបាលរាជធានី ខេត្តមួយចំនួននៅពុំទាន់បានអនុវត្តឱ្យបានពេញលេញ ស្របតាមស្មារតីនៃសេចក្តីណែនាំនៅឡើយ។ កត្តានេះត្រូវបានអង្គការសង្គមស៊ីវិលលើកឡើងអំពីភាពអសកម្មនៅក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
ក្នុងន័យនេះ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈការរៀបចំវេទិកា ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តនីមួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចតទៅនេះ៖ ១) ត្រូវបញ្ចូលសកម្មភាពនៃការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ស្របតាមសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។ ២) វេទិកាពិគ្រោះយោបល់នេះត្រូវដឹកនាំដោយ ឯកឧត្តម លោកជំទាវ ជាអភិបាល ឬតំណាង និងមានការអញ្ជើញចូលរួមពីមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ ៣) ត្រូវកំណត់ខ្លឹមសារនៃប្រធានបទសម្រាប់វេទិកាពិគ្រោះយោបល់ ដោយផ្តោតសំខាន់លើស្ថានភាព និងបញ្ហាប្រឈមជាក់ស្តែងនៅមូលដ្ឋានពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌច្បាប់ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ល។ ៤) ក្នុងករណីចាំបាច់រដ្ឋបាលរាជធានី ខេត្ត អាចអញ្ជើញមន្ត្រីជំនាញនៃនាយកដ្ឋានកិច្ចការ និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីចូលរួមធ្វើបទបង្ហាញផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និង៥) ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីលទ្ធផលនៃការរៀបចំវេទិកាពិគ្រោះយោបល់ បញ្ជីសំណើសំណូមពរ និងដំណោះស្រាយនានា ព្រមទាំងបញ្ហាប្រឈម ដែលមិនអាចដោះស្រាយបានផ្ញើមក ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការបន្ត៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





