គណៈកម្មការជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យកសិកម្ម បរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥--ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧត្តុនិយម នៃរដ្ឋសភា បានដឹកនាំសមាជិកសមាជិកាគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥បានប្រារព្ធធ្វើនៅសាលាខេត្តមណ្ឌលគិរី ការអញ្ជើញចុះបេសកកម្មនៅខេត្តមណ្ឌលគិរី របស់គណៈកម្មការជំនាញរដ្ឋសភានាពេលនេះ ដើម្បីស្វែងយល់ពីការអនុវត្តន៍ច្បាប់ ស្ថានភាពការងារដែលពាក់ព័ន្ធការទទួលខុសត្រូវរបស់គណៈកម្មការ ដូចជាការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកជាដើម។

បេសកកម្មរបស់គណៈកម្មការនៅខេត្តមណ្ឌលគិរីនេះ ជាផ្នែកមួយនៃដំណើរបេសកកម្ម នៅតាមបណ្តាខេត្តនានា ក្នុងភូមិភាគឦសាន មានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើមនេះ ដើម្បីប្រមូលព័ត៌មាន អំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម ពិសេស ស្វែងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានរាយការណ៍ជូនប្រតិភូគណៈកម្មការរដ្ឋសភា អំពីការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តមណ្ឌលគិរីសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រាបថា ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សម្រេចបានលើការបង្កបង្កើនផលដំណាំស្រូវ អនុវត្តបាន ៣៣,៣១២ហិកតា ស្មើនឹង ១១០,២៧% នៃផែនការឆ្នាំ បរិមាណផល ១២៣ ៥៩០ តោន ។ តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០២៥ ស្រូវនៅសល់សម្រាប់នាំចេញសរុបចំនួន ៧៤,៦៦៦តោន។ ដំណាំសាកវប្បកម្ម អនុវត្តបានសរុបចំនួន ២,៤១២ ហិកតា បរិមាណផលសរុប ២៧,៦០៨ តោន ដំណាំឧស្សាហកម្ម អនុវត្តបានសរុប ៤៥,៨៩៩ ហិកតា បរិមាណផលសរុបចំនួន ៤១៨,៦១៣ តោន។ ដំណាំកៅស៊ូសរុបអនុវត្តបានចំនួន ៤៣,១៩១ហិកតា ក្នុងនោះដំណាំកៅស៊ូ គ្រួសារចំនួន ១១,៩៥៩ហិកតា និងកៅស៊ូក្រុមហ៊ុនចំនួន ៣១,២៣២ហិកតា (ខូចខាតចំនួន ១២,២៦៩,៦០ហិកតា) ។ ផ្ទៃដីធ្វើអាជីវកម្មកៅស៊ូសរុបអនុវត្តបានចំនួន ២២,៧៨៦ហិកតា ក្នុងនោះ កៅស៊ូគ្រួសារ មានផ្ទៃដីធ្វើអាជីវកម្មចំនួន ១០,៤២៥ហិកតា បរិមាណផលសរុប ១២,៦៦៦តោន និង កៅស៊ូក្រុមហ៊ុនចំនួន ០៨ក្រុមហ៊ុន មានផ្ទៃដីធ្វើអាជីវកម្មសរុបចំនួន ១,២៣៦,១៣០ហិកតា បរិមាណផល ១,៧៧០,១៤២តោន ។ សហគមន៍កសិកម្មសរុប ១៣សហគមន៍ មានសមាជិកសរុបចំនួន ១,០១៣នាក់ ទុនសរុបចំនួន ១,១៣៣,៤៨៧,៥៦៦ រៀល សហគមន៍ព្រៃឈើ មានចំនួន ០៧សហគមន៍ ដែលមានផ្ទៃដីសរុប ៣៤៦,៧៤៥ហិកតា និងសហគមន៍នេសាទមាន ចំនួន ០៣ សហគមន៍។ ចំពោះការងារបរិស្ថាន ក្នុងនោះបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិសរុប ២៨១ករណី និងបានរឹបអូសវត្ថុតាងមួយចំនួនធំ បានចូលបំភ្លឺ និងចូលរួមសវនាការសរុបបានចំនួន ១០៩លើក, បានបណ្តុះកូនឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សរុបបានចំនួន ៧៨,៤៦២កូន, បានដាំជួសកូនឈើនៅតំបន់ព្រៃកប់ខ្មោចភូមិអូររណា តំបន់ព្រៃអារក្ស(ភ្នំហ្គិច) និងក្នុងបរិវេណស្នាក់បរិស្ថាន បានចំនួន១២,៥៤០ដើម បានចែកកូនឈើទៅសាលារៀន សាលាសង្កាត់/ឃុំ សាលាក្រុង វត្តអារាម និងប្រជាពលរដ្ឋ សរុបបានចំនួន ៤,៦៩០ដើម បានដាក់ស្លាកហាមប្រព្រឹត្តបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ការពារ និងស្លាក់ដីជាប់ពាក្យបណ្តឹងសរុបបានចំនួន ១៦២ស្លាក។ ក្នុងនោះថ្នាក់ដឹកនាំមន្ទីរបានរអប់រំផ្សព្វផ្សាយការងារអភិរក្សជីវៈចម្រុះ ការងារអនុវត្តច្បាប់បានចំនួន ៩០លើក ក្នុងបណ្តាញសង្គមរបស់មន្ទីរបរិស្ថាន បានរៀបចំយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងបានរៀបចំធ្វើយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។

ក្នុងជំនួបនោះដែរ ឯកឧត្តមអភិបាលរង ខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានសំណូមពរ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្តបានជួបប្រទះកន្លងមក និងស្នើសុំឲ្យគណៈកម្មការ នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍រកមធ្យោបាយដោះស្រាយ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ពិសេសការងារកសិកម្ម និងបរិស្ថានដែលជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្ដេចតែងបានណែនាំឱ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង។

ជាមួយនឹងការលើកទឹកចិត្តដល់អាជ្ញាធរខេត្ត ឱ្យយកចិត្តទុកដាក់ក្នុងការបំពេញការងារបន្តទៀត ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការក៏បានសន្យាថា នឹងពាំនាំយកបញ្ហាប្រឈមដែលខេត្តបានលើកឡើង ទៅជម្រាបសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយឲ្យបានទាន់ពេលវេលា។

នៅរសៀលថ្ងៃដ៏ដែល គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា អមដំណើរដោយលោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី បានអញ្ជើញចុះពិនិត្យមើលចំការធុរេនដាក់ដាំ ដែលមានម្ចាស់ចំការឈ្មោះ លោក ម៉ុក ប៊ុនថន មានទីតាំងស្ថិតនៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងចុះពិនិត្យកសិដ្ឋានដាំបន្លែ មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប មានផ្ទៃដីសរុប២ហិកតា ដាំសាកល្បងបាន២ដង ដែលមានទីតាំងស្ថិតនៅភូមិ ដើមស្រល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោម្យខេត្តមណ្ឌលគិរី៕
ដោយ៖ ប៊ុនរិទ្ធ





