ថ្នាក់ដឹកនាំក្រសួងកសិកម្មចុះពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មនៅខេត្តព្រៃវែង និងស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្រ្តីកសិកម្មឃុំនៅខេត្តព្រៃវែង និងស្វាយរៀង ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដូចជាការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ការទុកដាក់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា និងជាពិសេសការជួយណែនាំដល់កសិករឱ្យប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្សព្វផ្សាយជូនអាជីវករអំពីគោលនយោបាយជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនកសិករ និងការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ បងប្អូនអាជីវករបានយល់បន្ថែមអំពីផលវិបាកនៃការផ្សាយព័ត៌មានបំប៉ោងសភាពការណ៍ដែលនាំឱ្យខាតបង់ផលប្រយោជន៍កសិករ និងបានបង្ហាញពីក្តីរីករាយក្នុងការងាកមកជួយផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីវិស័យកសិកម្មវិញ ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជាគាំទ្រការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងកសិកម្ម)





