ពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 របស់សិក្ខាកាមពលទាហានកងពលធំអន្តរាគមន៍លេខ ២
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- ពិធីបាញ់គ្រាប់ពិតអាវុធ AK47 សម្រាប់ពលទាហានដែលហ្វឹកហ្វឺនក្នុងឆ្នាំ២០២៤ កងពលធំអន្តរាគមន៍លេខ២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២៥ ស្ថិតក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២។


ក្នុងឱកាសនេះដែរ ឯកឧត្តម កែវ ធី មេបញ្ជាការ បានមានប្រសាសន៍ថា ចាប់ពីពេលហ្វឹកហ្វឺនរហូតមកដល់ថ្ងៃនេះបានអនុវត្តការបាញ់គ្រាប់ពិតកាំភ្លើងAK47 សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងបច្ចេកទេសអាវុធ និងកាយវិការបាញ់។ សិក្ខាកាមទាំងអស់ត្រូវតែហ្វឹកហាត់រៀនសូត្រជាប់ជានិច្ច ស៊ូបង្ហូរញើសនៅលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ។

ជាមួយគ្នានោះដែរ ឯកឧត្ដមបានលើកទឹកចិត្តជូនរង្វាន់ដល់ពលទាហានដែលមានស្នាដៃ និទ្ទេសពូកែផងដែរ និងបានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនផងដែរ ។


តាមរបាយការណ៍ហ្វឹកហ្វឺនបានឱ្យដឹងថា ការអនុវត្តបាញ់គ្រាប់ពិតនេះមានរយៈពេល១ព្រឹក ដែលមានសិក្ខាកាមសរុបចំនួន៩៧ នាក់ ទទួលបានលទ្ធផលដូចខាងក្រោម និទ្ទេសពូកែចំនួន១៥នាក់ ស្មើនឹង១៦ភាគរយ និទ្ទេសគ្រាន់បើចំនួន៤៧នាក់ស្មើនឹង៤៨ភាគរយ និងនិទ្ទេសមធ្យមចំនួន៣៥នាក់ស្មើនឹង៣៦ភាគរយ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





