សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា សាលារៀនជំនាន់ថ្មីមិនមានការបិទនោះទេ តែផ្អាកមជ្ឈមណ្ឌលសិក្សាទំនើបដោយមិនអនុញ្ញាតឱ្យពង្រីកថ្មីបន្ថែមទេ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សាលារៀនជំនាន់ថ្មីមិនមានការបិទនោះទេ ប៉ុន្ដែផ្អាកមជ្ឈមណ្ឌលសិក្សាទំនើបដោយដាក់ចេញនូវអភិក្រមមិនអនុញ្ញាតឱ្យពង្រីកថ្មីបន្ថែម ហើយអ្វីដែលមានស្រាប់ត្រូវខិតខំដោះស្រាយ ដើម្បីផ្ដល់ផលប្រយោជន៍ជូនដល់សិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍” នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អត់មានការលុប និងអត់មានការបិទសាលារៀនជំនាន់ថ្មីទេ យើងនៅបន្ដគាំទ្រ ហើយសាលារៀនជំនាន់ថ្មីនេះ គឺរដ្ឋជាអ្នកគ្រប់គ្រងតែមួយគត់ទាំងនាយក ទាំងគ្រូ ទាំងកម្មវិធីសិក្សាដោយអនុវត្ដន៍ស្ដង់ដារតែមួយសម្រាប់សិស្សទាំងអស់។ សម្ដេចធិបតីបានថ្លែងថា យើងមិនបញ្ឈប់សាលានេះ ប៉ុន្ដែអ្វីដែលបញ្ឈប់ចំពោះសាលាជំនាន់ថ្មីពីមុនឪពុកម្ដាយមានកាតព្វកិច្ចក្នុងការបង់លុយទៅសាលានេះ ឥឡូវយើងបានបញ្ឈប់ការបង់លុយជាកាតព្វកិច្ចហើយគឺរដ្ឋជាអ្នករ៉ាប់រង។ ទន្ទឹមនេះ ឪពុកម្ដាយគាត់មានសិទ្ធិចូលដោយស្ម័គ្រចិត្ដដោយកន្លែងខ្លះដើម្បីប៉ះប៉ូវថែម តែការបញ្ឈប់បង់លុយ របស់មាតាបិតាទៅសាលារៀនជំនាន់ថ្មីជាកាតព្វកិច្ច។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «ម្សិលមិញខ្ញុំបានប្រកាសផ្អាកការឈប់ឱ្យមានការរៀបចំបន្ថែមនូវមជ្ឈមណ្ឌលសិក្សាទំនើបដែលរៀបចំនៅថ្នាក់បឋមសិក្សា វិទ្យាល័យ និងអនុវិទ្យាល័យ។ ខ្ញុំសូមបញ្ជាក់ថា សាលាពីរនេះខុសគ្នាសាលារៀនជំនាន់ថ្មី និងមជ្ឈមណ្ឌលសិក្សាទំនើប ចំពោះសាលារៀនជំនាន់ថ្មីកំពុងមានដំណើរការចំនួន១៣ ហើយយើងគ្រោងដាក់ឱ្យដំណើរការមួយទៀតនៅឆ្នាំ២០២៦ ហើយយើងអត់មានគម្រោងបិទសាលារៀនជំនាន់ថ្មីនោះទេ។ ប៉ុន្ដែយើងនឹងពិនិត្យលទ្ធភាពដើម្បីពង្រីកបន្ថែមទៀតពីព្រោះជាសាលាបង្កើនសមត្ថភាពលទ្ធភាពជូនប្រជាពលរដ្ឋយើង នៅក្នុងការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ឥឡូវហេតុអីបានជាសម្ដេចសម្រេចចិត្ដបញ្ឈប់មជ្ឈមណ្ឌលសិក្សាទំនើបនេះគឺស្រដៀងសាលារៀនជំនាន់ថ្មី ប៉ុន្ដែជារូបមន្ដ BOT របស់ក្រុមហ៊ុនឯកជន វិនិយោគរយៈពេល១៥ឆ្នាំ នៅក្នុងសាលារដ្ឋ។ សម្ដេចធិបតីបន្ដថា រូបមន្ដគឺថាសាលាមួយហ្នឹងពេលដែលចុះអនុស្សរណៈគឺត្រូវផ្ដល់អគារ១ ឬ២ទៅក្រុមហ៊ុនឯកជន ហើយអគាររបស់រដ្ឋ នៅក្នុងសាលារដ្ឋ ដើម្បីទី១ អនុវត្ដន៍នូវគម្រោងការអប់រំដូចសាលាឯកជនដែរ យកកម្មវិធីជាតិបូកជាមួយកម្មវិធីបន្ថែម ដូចជាកម្មវិធីកុំព្យូទ័រជាដើម ប៉ុន្ដែគ្រប់គ្រងដោយឯកជន ហើយសាលាទាំងមូលគ្រប់គ្រងដោយរដ្ឋ ប៉ុន្ដែអគារទាំងប៉ុន្មានដែលនៅក្នុងហ្នឹងគឺគ្រប់គ្រងដោយឯកជន។ ទី២ សាលានេះគឺបង្រៀនពេញម៉ោងបានន័យថា ប្រើប្រាស់ទីតាំងសាលារដ្ឋ ប្រើប្រាស់អគាររដ្ឋ ប្រើប្រាស់គ្រូរដ្ឋ ប្រើប្រាស់ម៉ោងរដ្ឋ ដើម្បីបង្រៀនឯកជន។ ទី៣ សាលាមានកម្មវិធីពីរ កម្មវិធីមួយគឺរបស់ថ្នាក់ជាតិតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងត្រូវថែមកម្មវិធីដូចជាកុំព្យូទ័រជាដើម។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា ប៉ុន្ដែអ្វីដែលខុសពីសាលារៀនជំនាន់ថ្មីគឺសិស្សបែងចែកជាពីរ សិស្សដែលបង់លុយរៀននៅសាលានេះ ហើយសិស្សដែលអត់បង់លុយគឺរុញទៅអង្គុយមួយផ្នែកផ្សេងនៃសាលា ដែលសម្ដេចហៅថាស្ដង់ដារពីរ។ សម្ដេចធិបតីបានបញ្ជាក់ឱ្យដឹងទៀតថា សាលារៀនជំនាន់ថ្មីពិតណាស់ពីមុនឪពុកម្ដាយបង់កាតព្វកិច្ច ហើយឪពុកម្ដាយខ្លះក្រីក្រ ក៏អត់បង់ដែរ ហើយសាលារៀនជំនាន់ថ្មីក៏អត់មានស្ដង់ដារពីរនោះទេ រៀនជាមួយគ្នានៅក្នុងសាលា គឺលើកលែងតែវិទ្យាល័យព្រះស៊ីសុវត្ថិមួយទេ ក្រៅពីនេះស្ដង់ដារតែមួយ ទាំងបឋមសិក្សា ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ អត់មានបែងចែកសិស្សជាពីរ អ្នកបង់លុយរៀនមួយផ្នែក និងអ្នកអត់បង់លុយរៀនមួយផ្នែកនោះទេ។ សម្ដេចធិបតីបានលើកឡើងនូវរូបមន្ដបង្កើតមជ្ឈមណ្ឌលសិក្សាទំនើបនេះថា ធ្វើឡើងដើម្បីបង្កើនលទ្ធភាពសាលា ដើម្បីបង្កើតនូវកម្មវិធីទំនើប ហើយរូបមន្ដនេះគឺយកវិស័យឯកជនចូលរួម ប៉ុន្ដែយើងអត់អាចទទួលយកបានទេដោយសារតែ ទី១ រដ្ឋបាត់ភាពម្ចាស់ការ អគាររបស់រដ្ឋដែលកសាងនៅក្នុងសាលា ហើយការដឹកនាំ ទី២ បង្កើតស្ដង់ដារពីរ ហើយបង្កើតគម្លាតនៅនឹងភ្នែកដែលសិស្សរៀននៅក្នុងបរិវេណជាមួយគ្នាតែសិស្សដែលចូលទៅរៀនសុទ្ធតែកុំព្យូទ័រដោយសារតែគេមានលុយបង់ ហើយសិស្សដែលអត់លុយបង់ នៅក្នុងសាលាជាមួយគ្នា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា សាលារដ្ឋ រដ្ឋវិនិយោគចេញលុយរាប់រយលានប្រចាំឆ្នាំ កសាងសាលារដ្ឋដើម្បីផ្ដល់ការអប់រំដោយឥតគិតលុយដល់កូនចៅប្រជាពលរដ្ឋ អីចឹងមិនអាចយកទីតាំងរដ្ឋធ្វើការទៅឱ្យឯកជនបានទេ ហើយបើសិនជាផ្ដល់ឱ្យគឺវាមិនមានសមធម៌ជាមួយក្រុមហ៊ុនឯកជនផ្សេងៗ។ «នេះខ្ញុំមិនអនុញ្ញាតបន្ដទៅទៀតនោះទេ បើអនុញ្ញាតបន្ដទៀត យូរ ឬឆាប់ ត្រូវតែបើកឱ្យទាំងអស់គ្នាគ្រប់ខេត្ដទាំងអស់ គ្រប់សាលាទាំងអស់ ហើយសំខាន់បំផុតវាបង្កើតនូវស្ដង់ដារពីរនៅក្នុងសាលាតែមួយ ហើយប្រើប្រាស់ធនធានថវិការបស់រដ្ឋ ធនធានមនុស្សរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋវិនិយោគ កសាង ហើយនេះជាមូលហេតុដែលខ្ញុំបញ្ឈប់មិនឱ្យរៀបចំសាលាតាមរូបមន្ដមជ្ឈមណ្ឌលសិក្សាទំនើបបន្ថែមទៀត»។ នេះជាការពន្យល់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបជូនថា មជ្ឈមណ្ឌលសិក្សាទំនើបបានអនុញ្ញាតឱ្យបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដោយសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ដែលមាន១៨សាលា ក្នុងនោះ ១០សាលា បានចាប់ផ្ដើមហើយក្នុងរយៈពេលពីរខែ ហើយសម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានចេញគោលការណ៍ចំនួន៣ចំណុច ទី១ បញ្ឈប់ការពង្រីកសាលាបន្ដទៀតនូវកម្មវិធីសិក្សានេះ ទី២ ចំពោះសាលា១០ ដែលបានចាប់ផ្ដើមរយៈពេលពីរខែហើយ គឺអនុញ្ញាតឱ្យដំណើរការរហូតដល់ដំណាច់ឆ្នាំសិក្សា។ ចំណោះសាលាចំនួន៨ ដែលបានដំណើរការមួយរយៈហើយ ក៏ផ្ដល់ជូនក្រសួងអប់រំ យុវជន និងកីឡាដើម្បីចរចា ហើយឈានទៅកាត់បន្ថយរហូតដល់១៥ឆ្នាំ និងកាត់បន្ថយក្នុងដំណាក់កាលណាមួយដើម្បីធ្វើផែនការ ហើយក៏នឹងឈានដល់រដ្ឋទទួលយក៕ដោយ៖ រិទ្ធី





