កសិករស្រុកស្វាយលើប្រគល់រូបចម្លាក់ដែលប្រទះឃើញក្នុងដីស្រែជូនដល់អាជ្ញាធរជាតិអប្សរា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ចម្លាក់កញ្ចាំងធ្វើពីថ្មភក់មួយដែលត្រូវបានកសិករប្រទះឃើញនៅក្នុងដីស្រែរបស់ខ្លួន ហើយបានធ្វើការប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ថា កសិករម្នាក់មានឈ្មោះលោក ថ្នម តូច ជាប្រជាពលរដ្ឋនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប បានយកចម្លាក់កញ្ចាំងធ្វើពីថ្មភក់ចំនួន១ មកប្រគល់ជូនអាជ្ញាធរជាតិអប្សរាកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានប្រទះឃើញនៅក្នុងដីស្រែ ហើយបានយកមករក្សាទុកមួយរយៈ។

ទាក់ទិនក្នុងរឿងនេះលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីវត្ថុបុរាណនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ចម្លាក់កញ្ចាំងធ្វើពីថ្មភក់ ដែលមានបណ្តោយ៩០សង់ទីម៉ែត្រ និងទទឹង៤៥សង់ទីម៉ែត្រ គឺជាសម្ភារលម្អសំណង់ប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរ តែងដាក់បន្តុបនៅតាមថ្នាក់ៗជាផ្នែកនៃកំពូលប្រាសាទ។ ចម្លាក់កញ្ចាំងនេះ ធ្វើពីថ្មតែមួយដុំ ដោយឆ្លាក់ជារាងដូចសាជី ហើយស្រួចនៅផ្នែកខាងលើ និងផ្នែកខាងក្រោមមានបាតបួន។ ចម្លាក់កញ្ចាំងនេះ មានឆ្លាក់ជានាគក្បាល៥ ដែលក្បាលកណ្តាលធំ និងខ្ពស់ជាងគេ ហើយនៅចំកណ្តាលនៃអង្កត់ទ្រូង គឺពុះចែកផ្ទៃនៃកញ្ចាំងនោះអាចធ្វើឱ្យមើលឃើញក្បាលនាគទាំង៣ជ្រុងផ្សេងៗគ្នា។ តាមការសង្កេតលើចម្លាក់ និងក្បូរក្បាច់ដែលឆ្លាក់លើកញ្ចាំងនាគក្បាល៥នោះ អាចនៅក្នុងអំឡុងសតវត្យរ៍ទី១២នៃគ្រិស្តសករាជ។

លោក ឈូក សុម៉ាឡា បានបញ្ជាក់ថា ការប្រគល់ចម្លាក់មកអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នជំនាញនេះ គឺមានន័យថា ប្រជាពលរដ្ឋមានការយល់ដឹងនិងបានចូលរួមថែរក្សាមរតកដូនតា ដោយអភិរក្សស្របតាមបច្ចេកទេស និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុ ដោយរក្សាទុកនៅទីតាំងមានសុវត្ថិភាព ព្រមទាំងអាចតាំងបង្ហាញនៅសារមន្ទីរដើម្បីឱ្យមហាជនបានទស្សនាផង៕

ដោយ៖ ដេប៉ូ





