អូរប្រឡាយក្តាន់ក្នុងខេត្តបន្ទាយមានជ័យមានសមត្ថភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរដូវវស្សា ប្រាំង និងដំណាំរួមផ្សំ ជិត៤០០០ហិកតា ជូនប្រជាកសិករ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ក្នុងឱកាសចុះពិនិត្យការអនុវត្តគម្រោងស្តារអូរប្រឡាយក្តាន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា គម្រោងស្តារអូរប្រឡាយក្តាន់នៅពេលបញ្ចប់នោះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៣៦ហិកតា រដូវប្រាំងចំនួន ២៦៨០ហិកតា និងដំណាំរួមផ្សំ ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១២៦៣គ្រួសារ ក្នុងភូមិចំនួន១១ នៃឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកនោះ។ អូរប្រឡាយក្តាន់មានការងារសំខាន់ៗរបស់គម្រោងដូចជា៖ ១) គម្រោងស្តារអូរប្រឡាយក្តាន់ប្រវែង ៥០០០ម៉ែត្រ និង២) សាងសង់សំណង់សិល្បការ្យចំនួន១៤កន្លែង។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី តំណាងឱ្យប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងជំរុញការស្តារកសាងប្រព័ន្ធធារាសាស្ត្រនៅគ្រប់ទីកន្លែងពិសេសនោះការស្តារអូរប្រឡាយក្តាន់នេះឱ្យមានលទ្ធភាពក្នុងការធានាបានទឹកសម្រាប់ការប្រើប្រាស់ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលទាំងរដូវប្រាំង វស្សារួមដំណាំរួមផ្សំបន្លែបង្កាដែលនឹងជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះកាន់តែមានភាពប្រសើរឡើង៕

ដោយ ឈុន សារ៉ាត





