ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងឃុំតាលន់ និងឃុំត្រើយស្លា ស្រុកស្អាង
AKP កណ្ដាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងភូមិព្រែកតាឯក ភូមិទួលស្ពឺ ឃុំតាលន់ និងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

លោកអភិបាលរងខេត្តបានលើកឡើងថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃបណ្ណកម្មសិទ្ធិដីធ្លី។ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ទាំង៣ភូមិនេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ ដែលអាចកែប្រែនូវរាល់កំហុសឆ្គងលើទិន្ន័យកម្មសិទ្ធិដីរបស់ខ្លួន ដើម្បីឈានទៅរកការសម្រេចចេញជាបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋ ដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនមានភាពត្រឹមត្រូវ និងទទួលការការពារដោយច្បាប់ មានទំនុកចិត្ត ដោយមិនមានការព្រួយបារម្ភពីការរំលោភបំពានពីអ្នកណាម្នាក់ឡើយ។ នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងបញ្ចប់ទាំងស្រុងនូវរាល់បញ្ហាវិបត្តិដីធ្លីរ៉ាំរៃ ដែលតែងតែកើតឡើងចំពោះប្រជាពលរដ្ឋ និងធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ព្រោះក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីហើយ ប្រជាពលរដ្ឋអាចយកបណ្ណបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នេះ ទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន។

បើតាមការបញ្ជាក់របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន០៣ភូមិ គឺភូមិព្រែកតាឯក ភូមិទួលស្ពឺ ឃុំតាលន់ និងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង មានចំនួន ៣ ៥៩៤ក្បាលដី ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





