វិមជ្ឈការ៖ អភិបាលស្រុក និងនាយកបឋមសិក្សាបញ្ជាក់ពីភាពរីកចម្រើននៃការងារអប់រំកុមារតូចនៅស្រុកស្រែអំបិល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ភាពប្រសើរឡើងនៃការងារគ្រប់គ្រងការអប់រំកុមារតូចនៅតាមមូលដ្ឋាន គឺជាមនុញ្ញផលលេចធ្លោថ្មីមួយទៀត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងនៅស្រុកស្រែអំបិល ខេត្តកោះកុង លោកអភិបាលស្រុក រួមទាំងនាយកសាលាបឋមសិក្សា ដែលជាតួអង្គប្រតិបត្តិករដឹកនាំ និងអនុវត្តការងារនេះ បានអះអាងដូចគ្នាអំពីការប្រែប្រួលកាន់តែវិជ្ជមាន ទាំងលើគុណភាពនៃការគ្រប់គ្រងបុគ្គលិកអប់រំ គុណភាពសិស្ស និងការឆ្លើយតបតម្រូវការបន្ទាន់តាមសាលារៀន។

លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក បានឱ្យដឹងថា ក្រោយពីទទួលបានសិទ្ធិអំណាចគ្រប់គ្រងសាលាមត្តេយ្យ និងបឋមសិក្សា លោកសង្កេតឃើញថា ការងារជារួមលើវិស័យនេះបានផ្ដល់ភាពងាយស្រួលទាំងការគ្រប់គ្រង និងអនុវត្ត ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អជាងមុនរវាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំជាមួយសាលាមត្តេយ្យសិក្សា និងបឋមសិក្សា ខណៈរដ្ឋបាលស្រុកក៏កាន់តែមានលទ្ធភាពក្ដាប់បានពីបញ្ហាប្រឈមរបស់សាលាទាំងការគ្រប់គ្រង ការសិក្សា ការបង្រៀន និងប្រព័ន្ធហិរញ្ញវត្ថុ។
លោកអភិបាលស្រុកបន្ថែមថា ស្រុកក៏បានគាំទ្រ និងឆ្លើយតបដោះស្រាយបានទាន់ពេល ជាពិសេសសាលានៅតំបន់ដាច់ស្រយាល ពោលគឺរដ្ឋបាលស្រុកបានបំពេញនូវរាល់តម្រូវការដែលខាងសាលាចង់បាន។ ក្រៅពីនេះគឺការរៀបចំប្រព័ន្ធលើកទឹកចិត្តបុគ្គលិកអប់រំទៅលើការផ្តល់មេដាយ ការដំឡើងឋានន្តរស័ក្តិ ការតែងតាំង ប្រគល់ភារកិច្ច គឺលឿនរហ័ស និងទាន់ពេលវេលា។
បើធៀបមុនពេលមានការធ្វើវិមជ្ឈការ លោក ជា ច័ន្ទកញ្ញា បានបញ្ជាក់ក្នុងន័យដើមថា « បើមុនមានការផ្ទេរមុខងារនេះមកឱ្យស្រុក ខ្ញុំអាចសង្កេតឃើញថា សាលាមួយចំនួនបានជួបផលវិបាកនឹងបញ្ហាជាច្រើន ទាំងការងាររដ្ឋបាល ការងារបច្ចេកទេស និងបញ្ហាប្រឈមនានារបស់សាលា ទម្រាំទទួលបានការឆ្លើយតប គឺត្រូវប្រើរយៈពេលយូរ និងមានភាពស្មុគស្មាញខ្លាំង»។ លោកទទួលស្គាល់ថា ការផ្ទេរមុខងារ និងសិទ្ធិអំណាចគ្រប់គ្រងការអប់រំកុមារតូចនេះជាបន្ទុកការងារថ្មីមួយបន្ថែមសម្រាប់ស្រុក ប៉ុន្តែឆ្លងកាត់ការអនុវត្តមួយរយៈពេលមកនេះ លោកអះអាងថា ការងារនេះមិនធ្វើឱ្យរាំងស្ទះលើការងារផ្សេងៗទៀតនោះឡើយ។
ដោយឡែក លោក ថាន់ មុនី នាយកសាលាបឋមសិក្សាបឹងព្រាវ ស្រុកស្រែអំបិល បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ថា ចាប់តាំងពីថ្នាក់ជាតិបានផ្ទេរមុខងារ និងសិទ្ធិអំណាចឱ្យរដ្ឋបាលស្រុកជាអ្នកគ្រប់គ្រងសាលាមតេ្តយ្យ និងបឋមសិក្សាមក គឺមានការប្រែប្រួលខ្លាំងលើការអនុវត្តការងារទូទៅប្រចាំថ្ងៃ ទាំងផ្នែករដ្ឋបាល និងបច្ចេកទេស ពោលគឺកាន់តែផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលស្រុក បូករួមទាំងអាជ្ញាធរភូមិឃុំ ជាពិសេសរាល់បញ្ហាប្រឈមនានារបស់សាលា ឬតម្រូវការណាមួយដែលសាលាចង់បាន គ្រាន់តែធ្វើលិខិតមួយដាក់ជូនរដ្ឋបាលស្រុក នឹងទទួលបានព័ត៌មានត្រឡប់មកវិញភ្លាមៗ និងឆ្លើយតបបានទាន់ពេលវេលា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





