ឯកឧត្ដម កើត ឆែ ៖ គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ ដោយគ្រូបង្រៀនជាមាតាទី២ ចំណែកគ្រូពេទ្យមានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យបានជួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានី តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដម និងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាពក្នុងវគ្គតម្រង់ទិសស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យ និងអ្នកជំងឺ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ។ គ្រូបង្រៀន ជាមាតាទី២ ដែលអាចបង្រៀនយើងឱ្យចេះដឹងបានត្រឹមតែរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែគ្រូពេទ្យវិញមានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យ បានជួយចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថាប្ដីប្រពន្ធរៀបការថ្មី មិនទាន់មានកូនក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ ពេលមានផ្ទៃពោះ ពេលសម្រាលកូនក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យរហូតដល់ថ្ងៃស្លាប់។

ឯកឧត្ដមអភិបាលរងរាជធានីបានបន្តថា សុខភាពជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសុខុមាលភាពប្រជាពលរដ្ឋ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០។ ការអញ្ជើញលោកគ្រូ អ្នកគ្រូពេទ្យមកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ គឺមិនមែនមានន័យថា លោកគ្រូ អ្នកគ្រូពេទ្យមានកំហុសឆ្គង ឬបំពេញការងារមិនល្អនោះទេ។ លោកគ្រូ អ្នកគ្រូពេទ្យកន្លងមកនេះបានបំពេញការងារល្អណាស់ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឱ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសលឱ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ។

ឯកឧត្ដមអភិបាលរងរាជធានីបានរំលឹកថា កាលពីរាជរដ្ឋាភិបាល អាណត្តិទី៦បានចាត់ទុកក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ជាវីរជន ព្រោះអំឡុងពេលកូវីដ-១៩ គ្រូពេទ្យយើងបានបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អ។
វគ្គតម្រង់ទិសស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាលនេះ មានគោលបំណងពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវាថែទាំសុខភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលខ្លឹមសារមេផ្តោតសំខាន់លើការការពារ និងព្យាបាលជំងឺផ្លូវចិត្តតាមរយៈទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណ តម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ)។ ក្រោយពីសិក្សារួចសិក្ខាកាម នឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផលសុជីវធម៌សីលធម៌ ក្នុងការប្រតិបត្តិល្អនូវកាយវាចាចិត្ត ក្នុងទំនាក់ទំនងទាំងពាក្យសំដី និងមិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងពីវិធីគ្រប់គ្រងចិត្តគំនិត និងអារម្មណ៍ ដើម្បីធ្វើឱ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់៕
ដោយ សួស សំរិត





