កសិករស្រុកត្រពាំងប្រាសាទអាចបង្កើតសហគមន៍កសិកម្មទំនើបចំនួនបី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ថា កសិករ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អាចបង្កើតសហគមន៍កសិកម្មទំនើបចំនួនបីគឺ សហគមន៍កសិកម្មទំនើបក្រុមកសិករដំណាំស្រូវ ក្រុមស្វាយចន្ទី និងក្រុមស្វាយកែវរមៀត។

ឯកឧត្តមអនុរដ្ឋលេខាធិការបានអញ្ជើញចុះផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើប ជូនដល់ពុកម៉ែបងប្អូនកសិករ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានក្រុមកសិករដំណាំស្រូវ ក្រុមស្វាយចន្ទី និងក្រុមស្វាយកែវរមៀត សរុបជិត ៣០០ គ្រួសារ និងមានផ្ទៃដីបង្កបង្កើនផលជាង ១ ០០០ហិកតា ។

ក្រុមការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្មនឹងធ្វើការស្រង់ឈ្មោះបងប្អូនកសិករដែលចាប់អារម្មណ៍ មុននឹងធ្វើការវាយតម្លៃពីភាពសមស្រប និងសិក្សាសមិទ្ធលទ្ធភាពឱ្យបានច្បាស់លាស់ មុននឹងបន្តនីតិវិធីបង្កើតសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំណាមួយជាផ្លូវការ៕

ដោយ ណយ នឿន





