មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានជួបជាមួយថ្នាក់ដឹកនាំយោធាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ការិយាល័យកិច្ចការសាធារណៈនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក លើការងារយុទ្ធសាស្ត្រ និងផែនការ ដោយបានជួបជាមួយថ្នាក់ដឹកនាំយោធាកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

លោកឧត្តមសេនីយ៍ទោ Winter បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងជំនួយផ្នែកសន្តិសុខ។ លោកឧត្តមសេនីយ៍ទោ បានជួបជាមួយអតីតនិសិ្សតកម្ពុជាដែលបានទទួលការអប់រំផ្នែកវិជ្ជាជីវៈយោធា ពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីអបអរសាទរពួកគេក្នុងការនាំហើយបាននាំយកនូវជំនាញទាំងនេះពីសហរដ្ឋអាមេរិក មកបម្រើមាតុប្រទេសវិញ។ នៅខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ទោ Winter បានមកទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការរក្សាសន្តិភាព ដើម្បីពិនិត្យមើលសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ និងពិភាក្សាអំពីលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយរួមគ្នា។

សូមជម្រាបជូនថា ទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោ Winter បានកើតមានឡើងបន្ទាប់ពីទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥៕


ដោយ៖ រិទ្ធី





