រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCICជ្រោយចង្វារ។

វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡាដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដោយឈរលើ «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ស្របតាមទិសស្លោក «ទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ដើម្បីទេសចរណ៍»។ ក្នុងន័យនេះ ក្រសួង ទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ រួមមាន៖
(១) កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន,
(២) កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី ខេត្ត
(៣)កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក,
(៤) កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហ ប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក,
(៥) កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន,
(៦) ការចូលរួមពីម្នាក់ៗ (មានន័យថា ពីយើងម្នាក់ៗ, ពីទេសចរ និងពីបុគ្គលដែលទទួល ប្រយោជន៍ពីវិស័យទេសចរណ៍ផងដែរ) ស្របតាមទិសស្លោក៖ «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់»។
៤. ជាសក្ខីភាព, សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ខាងលើ ត្រូវបានយកមកអនុវត្ត នៅក្នុងអង្គសន្និបាទនាពេលនេះ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ក្រោម ឱវាទក្រសួងទេសចរណ៍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានីខេត្ត តំណាង អង្គទូតបរទេស អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនវិនិយោគ និងផ្នែកឯកជនក្នុងវិស័យ ទេសចរណ៍សរុបប្រមាណ១៤០០នាក់។
៥. សន្និបាតមហាគ្រួសារវិស័យទេសចរណ៍ក្នុងរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ បាន ធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ យោបល់ ផ្តល់ធាតុចូលប្រកបដោយការស្ថាបនា និងវាយតម្លៃលើ លទ្ធផលការងារទេសចរណ៍រយៈពេល១ឆ្នាំ តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនមកពីវិស័យ សាធារណៈ និងផ្នែកឯកជនលើប្រធានបទសំខាន់ៗផ្តោតលើការងារអាទិភាពគន្លឹះចំនួន៤ ដែល ខ្ញុំបាទសូមគោរពធ្វើរបាយការណ៍សង្ខេបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងអង្គសន្និបាត នូវលទ្ធផលដូចខាងក្រោម៖
៦. ការងារអាទិភាពគន្លឹះទី១៖ ការគ្រប់គ្រងកិត្តិនាមកម្ពុជា និងយុទ្ធនាការទាក់ទាញទេសចរ
៦.១. អង្គសន្និបាតសូមគោរពដឹងគុណដ៏ជ្រាលជ្រៅជូនរាជរដ្ឋាភិបាល ក្នុងការបន្តរក្សា បាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនា ធិបតីតេជោ ហ៊ុន សែន និងការក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតីនាយក រដ្ឋមន្ត្រី កម្ពុជា បន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម មានភាពរឹងមាំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។
៦.២. អង្គសន្និបាតបានវាយតម្លៃខ្ពស់ពីសកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជាកន្លង មករបស់ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការចូលរួមនិងរៀបចំពិព័រណ៌ ទេសចរណ៍, ព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព ពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលផ្សេងៗ (Digital Marketing)។
ជាមួយគ្នានេះ, ក្រសួងទេសចរណ៍ក៏បានដឹកនាំរៀបចំយុទ្ធនាការសំខាន់ៗចំនួន ៣ ក្នុងឆ្នាំ២០២៤ រួមមាន៖ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» យុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤»។ ថ្មីៗនេះ, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយក រដ្ឋមន្ត្រី, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួង ទេសចរណ៍ អន្តរក្រសួង និងវិស័យឯកជន ចូលរួមពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន ប្រកបដោយភាពជោគជ័យ និងលទ្ធផលគួរជាទីមោទនៈ។
បន្ថែមលើភាពជោគជ័យខាងលើ, អង្គសន្និបាត ក៏បានអបអរសារទការប្រារព្ធ ព្រឹត្តិការណ៍ Gumball 3000, ព្រឹត្តិការណ៍សាទរកម្ពុជាប្រកបដោយភាពអធិកអធម និងឱឡារិក, ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ, ពិធីបុណ្យរំលឹកគុណអង្គរ, ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ដែលបានចូលរួមចំណែកផ្សព្វផ្សាយកិត្តិនាមកម្ពុជា និងទេសចរណ៍កម្ពុជា។
៦.៣. ទន្ទឹមនឹងនេះ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ និង វិនិយោគិនឱ្យ ពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World ) និង ទាក់ទាញពិភពលោកមកទស្សនាកម្ពុជា (Bring the World to Cambodia), អង្គសន្និបាតក៏ បានលើកជាសំណូមពរបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយ ឱ្យមានភាពច្នៃប្រឌិតបន្ថែមទៀត និងចំ គោលដៅទីផ្សារ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសប្បនិមិត្ត (AI) ។
៦.៤. បន្ថែមលើនេះ, អង្គសន្និបាតបានស្នើសុំឱ្យពិចារណាជំរុញការផ្សព្វផ្សាយ ទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមក ថតនៅកម្ពុជា ដូចជា ក្រុមហ៊ុន Hollywood, Bollywood, China Film Group និងក្រុមហ៊ុន មកពីប្រទេសគោលដៅសំខាន់ៗ ដោយអាចផ្តល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួល នីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។
ថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត សម្របសម្រួលការថតភាពយន្ត របស់ក្រុមហ៊ុនផលិតភាពយន្ត ប្រទេសចិន ប្រទេសកាហ្សាក់ស្ថាន ហើយបាននឹងកំពុងទាក់ទាញ ក្រុមហ៊ុនផលិតភាពយន្ត សិល្បៈករ និងតន្ត្រីករល្បីៗ ពីប្រទេសចិន, សាធារណរដ្ឋកូរ៉េ(K-pop), សហរដ្ឋអាមេរិក, អ៊ីតាលី (ដូចជាលោក Andrea Bocelli តន្ត្រីករអីតាលីដ៏ល្បីល្បាញ), ឥណ្ឌា, ជប៉ុន និងតួគី បន្ថែមទៀត។
អ្វីដែលជាតម្លៃបន្ថែមទៀតសម្រាប់កម្ពុជា ដោយសារកត្តាសុខសុវត្ថិភាព ភាពប្រកួតប្រជែង និងមានសម្បទាទេសចរណ៍គ្រប់គ្រាន់ កន្លងទៅថ្មីៗនេះ ប្រទេសកម្ពុជា មានលទ្ធភាពក្នុង ការទទួលការថតពាណិជ្ជកម្ម និងការតាំងពិព័រណ៌ម៉ាកផលិតផលល្បីៗលំដាប់ពិភពលោក ដូចជា៖ Stefano Ricci (ម៉ាកសម្លៀកបំពាក់ប្រណិតរបស់អ៊ីតាលី), BVLGARI (ម៉ាកយីហោគ្រឿង អលង្ការប្រណិតលំដាប់ពិភពលោក) ជាដើម។
សូមរម្លឹកជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជា«មាសបៃតង»រួម ចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន «អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់» ក្រោមម្លប់សន្តិភាពដ៏ ពេញលេញនេះហើយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង៕
ដោយ៖ គង់ សិរីរ័ត្ន





