លោកស្រី លំ គន្ធារី នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំផ្ដល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអនុសាខាស្រុកសណ្ដាន់ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុងចំនួន២ខ្នង និងប៉ះពាល់១ខ្នង ស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោកស្រី ឡាក់ សៅចាន់ អភិបាលបាលរងស្រុកសណ្តាន់ បានបញ្ជាក់ថាកាលពីវេលាម៉ោង១៤៖២០នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ មានករណីអគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង និងប៉ះពាល់០១ខ្នង ព្រមទាំងខូចខាតសម្ភារអស់ជាច្រើន។ ក្នុងនោះ គ្រួសាររងគ្រោះទី១. ម្ចាស់ផ្ទះឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ ដោយទ្រព្យសម្បត្ដិត្រូវបានបំផ្លាញរួមមាន៖ ផ្ទះទំហំ៧,៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដារឆេះអស់ទាំងស្រុង រថយន្ដលុចស៊ីស២គ្រឿង រថយន្ដTigo ១គ្រឿង លុយខ្មែរចំនួន១៥ម៉ឺនរៀលមាស១,៧ជី ត្រាក់ទ័រ១គ្រឿង ដំឡូងមីក្រៀម១២០០បេស្មើ៦០តោន កុំព្យូទ័រ០១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង គ្រឿងសង្ហារឹម២ឈុត ផ្លាកទីន១,៥ជី និងសម្ភារផ្សេងៗមួយចំនួនទៀត។ គ្រួសារទី២. ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ ផ្ទះទំហំ៧ម៉ែត្រគុណ១៤ម៉ែត្រ ប្រក់ក្រឿង ជញ្ជាំងក្ដារ ថ្មក្រោមឆេះអស់ទាំងស្រុង គ្រែចំនួន៥គ្រឿង តុ៧ឈុត តុបារ៉ូ ១ឈុត ថូផ្កាឈើ៤គូរ សាឡុង១ឈុត កៅអីឡាវ ២០គ្រឿង និងសម្ភារមួយចំនួនទៀត និងគ្រួសារទី៣. ម្ចាស់ផ្ទះឈ្មោះលោក សុខ ឡូន និងប្រពន្ធ ជូ សុខហ៊ី ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិមួយចំនួន។

លោកស្រី លំ គន្ធារី បានសម្ដែងការសោកស្ដាយចំពោះបាត់បង់នូវទ្រព្យសម្បត្តិដោយសារអគ្គិភ័យបានលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ធំបានចូលរួមសោកស្ដាយ និងនាំយកអំណោយមួយចំនួនផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យមានលក្ខណៈល្អប្រសើរ "ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន"។

ក្នុងឱកាសនោះ លោកស្រីបានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន និងសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវដើម្បីចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីវ មុង ភួយ សារុង ក្រមា ឆ្នាំង២ កន្ទេល១ តង់១និងថវិកាមួយចំនួន។ អំណោយអនុសាខាស្រុកសណ្តាន់មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ ស៊ុម វណ្ណា





