សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញសុខដុមនីយកម្មសាសនា ជា DNAរបស់គណបក្សប្រជាជនកម្ពុជា ដែលធានាភាពសុខសាន្ត និងសុខដុមរមនាសង្គមជាតិទាំងមូល
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោលការណ៍នេះជានិច្ច និងធានាបន្តអនុវត្តគោលនយោបាយនេះ ព្រោះជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិទាំងមូល ។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។

ក្នុងនោះសម្តេចធិបតី ក៏បានសម្តែង នូវមោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ដូចដែលខ្ញុំបានលើកក្នុងពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច ។ ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តគោលនយោបាយនេះ ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល”៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





