ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា”
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សាសនិកឥស្លាមគ្រប់រូប តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាននូវគុណបំណាច់មិនអាចកាត់ថ្លៃបាន និងវីរភាពដ៌អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានដឹកនាំប្រទេសជាតិចេញពីបាតដៃទទេ គំនរផេះផង់ដោយសារសង្គ្រាមរាំរ៉ៃជិត៣ទសវត្សរ៍ រហូតទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ជាពិសេស បានផ្តល់ជូនបងប្អូនសាសនិកឥស្លាមនូវសិទ្ធិសេរីភាពពេញទីខាងជំនឿសាសនា និងគោលនយោបាយជាច្រើន ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដូចនឹងប្រជាជនទូទៅដែលកាន់សាសនាព្រះពុទ្ធ និងសាសនាផ្សេងៗ។
សាសនិកឥស្លាមគ្រប់រូប នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺ សុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចំរើនកើនឡើងទៅបាន និងមានអ្វីៗកើតមានមកជាបន្តបន្ទាប់ទៀត ហើយក៏នៅតែចងចាំថា សុខសន្តិភាព ដែលបានមកនៅកម្ពុជាសព្វថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកដោយការខិតខំតស៊ូលះបង់របស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី រួមនឹងឥស្សរជនជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានការគាំទ្រដ៏ច្រើនពីកងទ័ព និងប្រជាជនកម្ពុជា ដោយធ្វើពលិកម្មប្តូរឈាមស្រស់ សាច់ស្រស់ ដែលជោគជ័យបាននាំមកឱ្យប្រជាជនកម្ពុជាទទួលបាននូវការរស់នៅប្រកបដោយក្តីសុខសាន្តដូចសព្វថ្ងៃនេះ ហើយត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ទទួលធ្វើមេដឹកនាំបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ដែលកំពុងតែមានសន្ទុះអភិវឌ្ឍរីកចម្រើនកើនឡើងថែមទៀតយ៉ាងលឿនឆាប់រហ័ស ដែលនាំឱ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។
ជាការពិត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ បានទទួលស្គាល់ថា ពិតជារាជរដ្ឋាភិបាលមានសកម្មភាពបោះជំហានយ៉ាងលឿន ហើយមានចក្ខុវិស័យច្បាស់លាស់ ជារាជរដ្ឋាភិបាលដែលមានមេដឹកនាំវ័យក្មេង តែបទពិសោធចាស់ទុំ និងជារាជរដ្ឋាភិបាលដែលព្យាយាមប្រើពេលតិច តែធ្វើឱ្យបានច្រើន។ រាជរដ្ឋាភិបាលបានសម្រេចលទ្ធផលហួសពីការស្មាននិងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស។
ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម(OIC) និងជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃអង្គការសម្ព័ន្ធពិភពឥស្លាម បានគូសបញ្ជាក់ថា ឯកឧត្តម បានចូលរួមកិច្ចប្រជុំកំពូលជាច្រើនដងរបស់សមាជិកអង្គការសហប្រតិបត្តិការឥស្លាម(OIC)ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ អង្គការសម្ព័ន្ធពិភពឥស្លាមនិងបណ្តាប្រទេសជាច្រើនទៀត គឹថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជាធ្វើជាគម្រូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា រវាងសាសនិកឥស្លាមភាគតិចប្រមាណតែ ៥% និងសាសនិកនៃព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេង ២% ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា និងសហវិជ្ជមាននោះហើយដែល ឯកឧត្តម បានស្នើសុំឯកឧត្តម បណ្ឌិត Muhammad Bin Abdul Karim Al-Issa អគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម ដើម្បីពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលឥស្លាមនេះ នៅកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តមនៅប្រទេសម៉ាឡេស៊ី និងបូស្ន៊ី ហ៊េកហ្ស៊ីហ្គូវីណា។
អាស្រ័យហេតុនេះហើយ ទើបអង្គការសម្ព័ន្ធពិភពឥស្លាម សម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលឥស្លាមនេះ ជាលើកទី១ នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដែល ឯកឧត្តម ជឿជាក់ថា តាមរយៈនៃកិច្ចប្រជុំកំពូលឥស្លាមនេះ ប្រទេសកម្ពុជានឹងត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ពិតជាប្រទេសគម្រូមួយ ក្នុងការផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍និងសាសនាដ៏ពេញលេញ ដល់ប្រជាជនរបស់ខ្លួន ដោយមិនប្រកាន់ពូជសាសន៍ និងរើសអើង ដែលមានវប្បធម៌និងប្រពៃណីចម្រុះជាតិសាសន៍ ខណៈប្រទេសជាច្រើនមួយចំនួនមិនទាន់អាចធ្វើបានដូចកម្ពុជា។
ភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺប្រាកដណាស់ថា វាជាចំណែកមួយនៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន។ បើពុំនោះទេ សុខសន្តិភាពក៏មិនបានពេញលេញនោះដែរ។
ក្រោមម្លប់សុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍និងសាសនារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រធានក្រុមមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សហគមន៍ឥស្លាមទទួលបាននូវសិទ្ធិសេរីភាពជំនឿសាសនាយ៉ាងពេញលេញ និងទទួលបានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសយើងមានតំណាងរបស់សាសនិកឥស្លាមដែលកំពុងមានតួនាទីសំខាន់ៗនៅតាមស្ថាប័នកំពូលរបស់ប្រទេសដូចជា៖ ៥រូបជាសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ មានស្ត្រីមួយរូប និង ៦រូប ជាសមាជិករដ្ឋសភា ដែលក្នុងនោះក៏មានស្ត្រីមួយរូបផងដែរ។ ក្រៅពីនេះ ក៏មានសមាជិករាជរដ្ឋាភិបាល ១រូប ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួង- ស្ថាប័ន អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មន្ត្រីយោធា និងនគរបាលថ្នាក់ឧត្តមសេនីយ៍ គ្រូពេទ្យ និងគ្រូបង្រៀនខ្មែរឥស្លាមជាច្រើនរូប ។
ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី សម្រាប់ការផ្តល់ជូននូវសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានដល់សហគមន៍ខ្មែរឥស្លាម ជាពិសេសគឺសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលនាំឱ្យសហគមន៍ខ្មែរឥស្លាមរួមរស់ដោយសប្បាយរីករាយ សុភមង្គលជាមួយសហគមន៍ខ្មែរកាន់ព្រះពុទ្ធសាសនា និងសាសនាដទៃ ប្រកបដោយសាមគ្គីភាព និងភាតរភាពបំផុត៕
ដោយ៖ គង់ សិរីរ័ត្ន





