ភ្នំទ្រុងមាន់ទ្រុងទា និងបារមីលោកយាយសក់ក្រអូបធ្វើឱ្យទីអារាមនេះក្លាយជាតំបន់ទេសចរណ៍ជំនឿសាសនា
AKP បាត់ដំបង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅទូទាំងខេត្តបាត់ដំបងមានវត្តអារាមដែលមានអាយុកាលចាស់ៗចំនួន៣៨៣កន្លែង តាំងនៅតាមភ្នំនិងប្របមាត់ស្ទឹងសង្កែ ដែលមិនត្រឹមតែជាទីគោរពបូជាតាមគន្លងព្រះពុទ្ធសាសនាប៉ុណ្ណោះទេតែជាគោលដៅទេសចរណ៍ជំនឿសាសនាផងដែរ។ កាលពីឆ្នាំទៅ តាមរយៈពិធីបុណ្យសានា និងបុណ្យជាតិខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចូលទៅធ្វើបុណ្យទាន និងកម្សាន្តជាង៣លាននាក់។
ជាមួយគ្នានេះដែរ ភ្នំទ្រុងមាន់ទ្រុងទាដែលនៅមិនឆ្ងាយពីភ្នំសំពៅ ព្រះសង្ឃ និងពុទ្ធបរិស័ទក៏កំពុងរៀបចំទទួលអំណរឆ្នាំថ្មី និងភ្ញៀវចូលទៅធ្វើបុណ្យផងដែរ ដែលនៅទីនោះមានរូបសំណាក់លោកយាយសក់ក្រអូបត្រូវបានព្រះសង្ឃ និងពុទ្ធបរិស័ទរួមគ្នាកសាងឡើងនៅលើភ្នំតាំងពីឆ្នាំ១៩៩០។ ពុទ្ធបរិស័ទជិតឆ្ងាយដែលមានជំនឿតែងនាំគ្នាប្រារព្ធពិធីបែរបន់ច្រើនជាពិសេសពេលបុណ្យចូលឆ្នាំ៣ថ្ងៃនោះដោយសារតែទីនេះល្បីសុះសាយថាមានបារមីជួយឱ្យបំណងប្រាថ្នាអ្វីៗតែងបានសម្រេច។ វត្តទ្រុងមាន់ទ្រុងទា និងព្រះវិហារត្រូវបានកសាងឡើងនាឆ្នាំ១៩៩៥ ដែលកាលពីតំបូងឡើយមានតែខ្ទមស្បូវសម្រាប់ព្រះសង្ឃគង់តែប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នវត្តនេះមានព្រះវិហារ កុដិ និងសាលាធម្មសភាយ៉ាងឆាប់រហ័សដោយសារតែពុទ្ធបរិស័ទដែលសម្រេចក្តីប្រាថ្នាជួយកសាង។ រូបសំណាក់លោកយាយសក់ក្រអូបដែលភ្ញៀវចូលចិត្តមកបួងសួងបន់ស្រន់ ស្ថិតនៅលើភ្នំទ្រុងមាន់ទ្រុងទា ក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ១៣ គីឡូម៉ែត្រពីទីរួម ខេត្តបាត់ដំបង តាមបណ្ដោយផ្លូវជាតិលេខ ៥៧។


ព្រះតេជគុណ គឹម ម៉េងហួ បាននិទានពីប្រវត្តិពាក់ព័ន្ធនឹងភ្នំទ្រុងមាន់ទ្រុងទានេះថា កាលដើមឡើយមានក្សត្រមួយអង្គព្រះនាម រាជកុលបានគួចប្រតិព័ទ្ធនារីស្រុកស្រែម្នាក់មានឈ្មោះ សុវណ្ណមសា។ នារីម្នាក់នោះធ្លាប់បានរើសពងអ្វីម្យ៉ាងយកមកទុកពេលញាស់មក គឺជាកូនក្រពើ ដែលនាងតែងហៅវាថា អាធន ហើយសត្វក្រពើមួយក្បាលនេះតែងតែស្ដាប់បង្គាប់នាងជានិច្ច។ ក្រោយមកស្ដេចរាជកុលពិចារណាថាខ្លួនមិនគួរណាយកនារីស្រុកស្រែជារាស្ត្រសាមញ្ញមកធ្វើជាអគ្គមហេសីសោះ ព្រះអង្គក៏ស្វែងរកនារីមានឋានៈខ្ពង់ខ្ពស់ដើម្បីឱ្យស័ក្តិសម។ ព្រះអង្គក៏បានជួបនារីម្នាក់ឈ្មោះ នាងរំសាយសក់ ដែលត្រូវជាបុត្រីស្ដេចមួយអង្គនៅស្រុកចន្ទបុរី។ នាងរំសាយសក់មានសក់ទិព្វចង់ប្រាថ្នាអ្វីតែងបានសម្រេចពេលដែលនាងច្បូតសក់។ ស្តេចរាជកុលក៏សុំព្រះវររាជមាតាបិតារៀបបណ្ណាការចូលស្ដីដណ្ដឹងនាងសក់ក្រអូបដោយប្រើអស់អាមាត្យមន្ត្រីរៀបចំសំពៅដឹកបណ្ណាការទាំងនេះទៅកាន់ស្រុកនគរចន្ទបុរី ដែលមន្ត្រីហែរហមទាំងនោះ ក៏មានមេទ័ពខ្លាំងពូកែទៅជាមួយផងដូចជា លោកតាគ្រាម លោកតាង៉ែន ជាដើម។ នាងសុវណ្ណមសាមានកំហឹងយ៉ាងខ្លាំងទើបប្រើអាធន ឱ្យទៅគាល់សំពៅបណ្តាការឱ្យក្រឡាប់មិនឱ្យស្ដេចរាជកុលធ្វើដំទៅជួបនាងរំសាយសក់បាន។ ពួកអាមាត្យភ័យស្លន់ស្លោពេលឃើញក្រពើដ៏ធំគាស់សំពៅ ទើបនាំគ្នាបោះផ្លែត្រឡាច ល្ពៅ និងមាន់ទា ទាំងទ្រុងៗទៅឱ្យអាធនស៊ី តែវាមិនស៊ី។ ស្ដេចរាជកុលក៏បានលើកដៃប្រណមបែរបន់ សុំឱ្យគ្រោះចង្រៃនេះចេញឱ្យឆ្ងាយ ពាក្យបែរបន់នេះ បានឮដល់នាងរំសាយសក់ហើយនាងក៏សក់ច្បូតសក់សុំឱ្យទឹកសមុទ្ររីងហួតធ្វើឱ្យអាធនស្លាប់ក្លាយជាភ្នំក្រពើ នៅជិតបឹងពីរគឺបឹងកន្ទុយក្រពើ និងបឹងច្រមុះក្រពើ រីឯក្តោងសំពៅបានសណ្ដកចេញ និងក្លាយជាភ្នំក្តោង រីឯសំពៅក៏បានក្លាយទៅជាភ្នំសំពៅ។ ចំណែកទ្រុងមាន់ទ្រុងទាដែលពួកអាមាត្យ បោះឱ្យសត្វក្រពើស៊ី ក៏បានក្លាយទៅជាភ្នំទ្រុងមាន់ទ្រុងទា ពួកមន្ត្រីធំៗក៏បានក្លាយទៅជាភ្នំតាគ្រាម និងភ្នំតាង៉ែន មកដល់សព្វថ្ងៃ។

ព្រះចៅអធិការវត្តទ្រុងមាន់ទ្រុងទា ព្រះនាម គឹម ម៉េងហួ មានព្រះជន្ម ៣៧ វស្សា បានមានសង្ឃដីកាថា ព្រះអង្គបានមកគង់នៅទីអារាមនេះមានរយៈពេលជាង១០ឆ្នាំហើយទីអារាមមានព្រះសង្ឃគង់នៅ១៣អង្គ។ ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានជំនឿចំពោះ "លោកយាយសក់ក្រអូប" មកបែរបន់សុំលាភសុំជ័យបានតាមបំណងប្រាថ្នារបស់ពួកគាត់តែងបរិច្ចាគធនធានជួយកសាងទីអារាមនេះឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ននេះមានពុទ្ធបរិស័ទជិតឆ្ងាយចូលមកគោរពបូជានិងកំសាន្តជាហូរហែជាពិសេស គឺនៅរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង៕
ដោយ សុផល





