សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ២១ កុម្ភៈ ២០២៥
AKP កំពត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥-- នៅបរិវេណសាលាស្រុកឈូក បានរៀបចំពិធីអបអរទិវាជាតិសុខភាពមាតា ទារក កុមារ និងយុវវ័យ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ "ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជនដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ" នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខាខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា ដោយមានអ្នកចូលរួមសរុបចំនួន១៨៨នាក់ ក្នុងនោះស្រ្តីសម្រាលកូនតូចចំនួន១២នាក់ និងស្រ្តីមានផ្ទៃពោះក្រោម៨ខែចំនួន១០០នាក់។


បន្ទាប់ពីលោក សៅ មឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឈូក ឡើងធ្វើរបាយការណ៍ស្វាមន៍រួចមក លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ ប្រកបដោយក្តីនឹករលឹក។
ជាមួយគ្នានោះដែរ លោកស្រីអនុប្រធានអចិន្ត្រៃយ៍ក៏បានពាំនាំនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើជូនចំពោះបង ប្អូនជនរួមជាតិ ទាំង៦ចំណុចក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ២០២៥។


បន្ទាប់ពីចប់កម្មវិធីនៅសាលាស្រុក លោកស្រីវេជ្ជបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមនឹងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៩ មន្ត្រីប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខស្រ្តីសម្រាលកូននៅមន្ទីរពេទ្យបង្អែកឈូកផងដែរ។ ហើយអំណោយសាខាផ្តល់ជូនស្ត្រីសម្រាលកូនតូចចំនួន១២នាក់ក្នុងម្នាក់ៗទទួលបាន ឃីតទារក១កញ្ចប់ និងថវកា៥ម៉ឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតអនាម័យ១កញ្ចប់ និងថវិកា២ម៉ឺនរៀល៕

ដោយ ប្រាក់ លាង





