ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជារាជរដ្ឋាភិបាលដែលមានសុខភាពល្អ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាយុកាល ១៨ខែ គឺជារាជរដ្ឋាភិបាលដែលមានសុខភាពល្អ កាន់តែរឹងមាំ និងបោះជំហានទៅមុខជានិច្ចឆ្ពោះទៅកាន់គោលដៅ ២០៥០ ដោយភាពជឿជាក់ ជារាជរដ្ឋាភិបាលដែលជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋ។ ការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា ដូចនេះធ្វើឡើងក្នុងវេទិកាសារព័ត៌មានស្តីពីសមិទ្ធផលរបស់រជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានថ្លែងថា គិតមកទល់នឹងពេលនេះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាយុកាលទើបតែបាន ១៨ខែ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្វីត្បិតតែមានអាយុកាលបានត្រឹមតែ ១៨ខែក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានភាពសកម្មលេចធ្លោ ក្លៀវក្លា ប្រកបដោយថាមពល ដែលជាចលករជំរុញឱ្យយុទ្ធសាស្ត្របញ្ចកោណដែលបានដាក់ចេញដោយសម្តេចនាយករដ្ឋមន្ត្រីសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

ឯកឧត្តមបានបន្តថា ដោយផ្អែកលើស្ថានភាពនៃការរក្សាបានយ៉ាងល្អនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យកំណើនសេដ្ឋកិច្ចងើបឡើងវិញនៅក្រោយពីវិបត្តិកូវីដ-១៩ ដែលនាំឱ្យអាចនិយាយបានថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី គឺជារាជរដ្ឋាភិបាលផ្តល់នូវក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលធំៗមួយចំនួន ក្នុងនោះបើនិយាយពីសុខាភិបាល ប្រជាពលរដ្ឋបានទទួលផលយ៉ាងធំធេងពីនយោបាយខាងវិស័យសុខាភិបាល ក្រោមការធ្វើកំណែទម្រង់លើវិស័យដ៏មានសារៈសំខាន់មួយនេះរបស់រាជរដ្ឋាភិបាល ដែលចង់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវសេវាសុខាភិបាល ដោយមិនទុកចោលពលរដ្ឋណាម្នាក់ឡើយ ហើយជាសេវាសុខាភិបាលដែលលឿន រហ័ស ប្រសិទ្ធភាព និងប្រកបដោយគុណភាព។

ក្នុងន័យនេះរាជរដ្ឋាភិបាលបានធ្វើកិច្ចការសំខាន់ៗចំនួនពីរទន្ទឹមគ្នានោះគឺ ការផ្តល់បណ្ណព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមួយទៀតគឺការធ្វើកំណែទម្រង់សុខាភិបាលដើម្បីធ្វើយ៉ាងណាឱ្យសេវាសុខាភិបាលដែលប្រជាពលរដ្ឋទទួលបានគឺជាសេវា លឿន រហ័ស ប្រសិទ្ធភាព និងប្រកបដោយគុណភាព ដែលមកទល់នឹងពេលនេះមានប្រជាពលរដ្ឋខ្មែរប្រមាណជាង ៧លាន ៥សែននាក់ បានកាន់បណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងនោះមានប្រជាពលរដ្ឋជាង ៤លាន ៧ សែននាក់ កាន់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងជាង ២លាន ៨សែននាក់ផ្សេងទៀត កាន់បណ្ណប.ស.ស. ខណៈដែលរាជរដ្ឋាភិបាលបានទម្លាក់នូវកញ្ចប់ថវិកាជាង ៣០ពាន់លានរៀល ឬប្រហែល ៧លាន ៥សែនដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ និងការទម្លាក់កញ្ចប់ថវិកាពិសេសប្រមាណជិត ២០លានដុល្លារអាម៉េរិកផ្សេងទៀតនៅឆ្នាំ២០២៥នេះ និងឆ្នាំជាបន្តបន្ទាប់ទៀតដូចគ្នា ដើម្បីទិញថ្នាំសម្រាប់ព្យាលជំងឺទឹកនោមផ្អែម និងថ្នាំសម្រាប់ព្យាលជំងឺលើសសម្ពាធឈាមបើកជូនប្រជាពលរដ្ឋ៕
ដោយ៖ ចាន់ សុភឿន





