ឯកឧត្តម នេត្រ ភក្ត្រា៖ ការចូលរួមគាំទ្រជួយឧបត្ថម្ភជាឱសថ បរិក្ខារពេទ្យ និងថវិកាពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា ការចូលរួមគាំទ្រជួយឧបត្ថម្ភជាឱសថ បរិក្ខារពេទ្យ និងថវិកាពីសប្បុរសជនជាម្ចាស់ក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព ហើយក៏ជួយកាត់បន្ថយនូវការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដមបានគូសបញ្ជាក់ថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល ហើយតាមរយៈនេះរាជរដ្ឋាភិបាលបានដាក់ចុះវិធានការចាំបាច់ និងអាទិភាពនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងសុខុមាលភាពឱ្យបានល្អប្រសើរ។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងប្រគល់ជូនលិខិតថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យ ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អស់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនឱសថ និងសម្ភារបរិក្ខារពេទ្យ រួមទាំងសប្បុរសជននានាជាច្រើនទៀត ដែលបានឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារពេទ្យ ដើម្បីរួមចំណែកក្នុងសកម្មភាព មនុស្សធ៌មពិនិត្យព្យាបាលជំងឺជូនប្រជាជននៅក្នុងមូលដ្ឋានខេត្តក្រចេះ និងមន្ត្រីរាជការក្នុងក្រសួងព័ត៌មាន។ ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ទឹកចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់មន្ត្រីរាជការក្នុងការបំពេញការងារ ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏សំខាន់លើកិច្ចគាំពារមន្ត្រីរាជការក្រសួងព័ត៌មាន និងការងារមនុស្សធម៌នៃការលើកស្ទួយសុខភាពសាធារណៈនៅមូលដ្ឋានខេត្តក្រចេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា រាល់អំណោយដែលបណ្តាក្រុមហ៊ុនឱសថ និងបរិក្ខារពេទ្យ បានផ្តល់មកដល់ក្រសួងព័ត៌មាន គឺត្រូវបានយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីមានលទ្ធភាពពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន រួមទាំងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រឹងប្រែង ដើម្បីផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនដល់ម្ចាស់ក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ព្រោះថា សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយបញ្ហា និងលើកស្ទួយជីវភាពរសើនៅរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ ឯកឧត្តម វេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន បានជម្រាបជូនថា ចាប់ពី ខែឧសភា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានទទួលការជួយឧបត្ថម្ភជាឱសថ និងថវិកាអំពីសប្បុរសជនជា ម្ចាស់ក្រុមហ៊ុនឱសថ សម្ភារបរិក្ខារពេទ្យមានបញ្ញិកាស្របច្បាប់ ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធ៌មពិនិត្យព្យាបាលជំងឺជូនប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយក្នុង ភូមិសាស្ត្រខេត្តក្រចេះ។ ឯកឧត្ដមវេជ្ជបណ្ឌិតបានបន្ដថា ជាលទ្ធផលក្នុងរយៈពេលកន្លងមកនេះ ក្រុមគ្រូពេទ្យ ស័្មគ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ បានចុះធ្វើការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុកចំនួន ៥ ក្នុងនោះក្រុងក្រចេះ បានចំនួន ៥៦៧នាក់, ស្រុកឆ្លូង ចំនួន ៩៧១នាក់, ស្រុកចិត្របុរី ៦៦២នាក់, ស្រុកអូរគ្រៀងសែនជ័យ ចំនួន ៦០៦ នាក់, ស្រុកសំបូរ ៦៣៥នាក់ សរុបជារួមបានចំនួន ៣ ៤៤១ នាក់ ក្នុងនោះ ស្រីចំនួន ២ ០៨៥ នាក់ ។ ជាមួយនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដក៏បានផ្តល់នូវ វីតាមីនសេ ដល់ប្រជាពលរដ្ឋចំនួន ៤ ០៤១ នាក់ កាលពីពេលចុះចែកជូនស្រូវពូជដល់ប្រជាកសិករ។ ចំពោះគម្រោងចុះពិនិត្យព្យាបាលក្នុងឆ្នាំ២០២៥ នេះ គ្រោងធ្វើនៅក្នុងខែមិថុនា ខែសីហា ខែតុលា និងខែធ្នូ ។

សូមជម្រាបជូនថា នៅក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានជូនលិខិតថ្លែងអំណរគុណដល់ ឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ ឧបត្ថម្ភទិញសម្ភារបរិក្ខារដកធ្មេញ និងអាវយឺត ១ ៥០០ ដុល្លារ លោកស្រី អ៊ុង សុម៉ាលីន ប្រធានក្រុមហ៊ុន VS Pharma ឱសថដែលបានឿបត្តម្ភថ្នាំពេទ្យមានតម្លៃ ១៣ ១៧០ ដុល្លារ, ក្រុមហ៊ុន PANACO តំណាងក្រុមហ៊ុន DHG Phamar ឱសថមានតម្លៃ ៤ ១៣៣ ដុល្លារ, លោកស្រី អ៊ូ បញ្ញា តំណាងក្រុមហ៊ុន SUNPHARMA ឱសថមានតម្លៃ ៩០០ ដុល្លារ, លោក ស៊ាន ស៊ិនឌី ប្រធានក្រុមហ៊ុន RATANAK RATANA Pharmaceutical ឱសថមានតម្លៃ ៦៥០ ដុល្លារ, លោក លី គង់ផេង ប្រធានក្រុមហ៊ុន លី ហុកសិង្ហ ហ្វាម៉ា ខូអិលធីឌី ឱសថមានតម្លៃ ៤៥០ ដុល្លារ, លោក ថុង ហេង ហៅឪ ម្ចាស់ឱសស្ថានអង្គរធំកំពង់ចាម ឱសថមានតម្លៃ ២០០ ដុល្លារ, លោក កែវ សុវណ្ណ ប្រធានក្រុមហ៊ុន SV Khmer Medical Engineering ឧបត្ថម្ភថវិកាចំនួន ១លានរៀល និងលោកស្រី កុយ ផល្លា ប្រធានក្រុមហ៊ុន Wellcare pharma ផ្តល់ជូនឱសថ មួយចំនួនផងដែរ៕

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





