ក្រសួងផែនការបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងផែនការ មន្ទីរផែនការរាជធានី ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ៤៥០នាក់។

សន្និបាតនេះនឹងដំណើរការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនឹងត្រូវបិទក្រោមក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបើកសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងផែនការ និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការដឹងគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច កម្ពុជាបន្តរក្សាការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាពពេញលេញ ជាមួយស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជាពិសេសការបន្តជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតសកល កូវីដ-១៩។ សម្តេចធិបតីជានិច្ចកាលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍវិស័យផែនការ ស្ថិតិ ប្រជាជន និងអភិវឌ្ឍន៍ ដែលជាប្រទីបបំភ្លឺផ្លូវសម្រាប់ក្រសួងផែនការ សម្រេចបានសមិទ្ធផលសំខាន់ៗ នាពេលកន្លងមក។ ក្រសួងផែនការជាសេនាធិការជូនរាជរដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការវិនិយោគសាធារណៈ ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហារូបត្ថម្ភ ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិតនិងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមានស្ថិតិប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច សុខភាព និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ តាមវិស័យរបស់ខ្លួន និងការងារប្រជាជន និងអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញឱ្យក្រសួងផែនការដឹកនាំ សម្របសម្រួលកម្រិតបច្ចេកទេស ក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ព្រមទាំងផ្គូផ្គង និងតម្រឹម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ ដោយមានការចូលរួមពីស្ថាប័នគោលនយោបាយ ស្ថាប័នថវិកា និងស្ថាប័នជំនាញ ដើម្បីធ្វើឱ្យមានសង្គតិភាព និងប្រសិទ្ធភាព និងធានាសហថាមភាពនៃសកម្មភាព ដែលមានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។ ជាមួយគ្នានេះដែរ យុទ្ធសាស្រ្ដបញ្ចកោណ ក៏បានដាក់បញ្ចូលការងារអាទិភាពសម្រាប់ក្រសួងផែនការ ក្នុងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការធ្វើបរមភាវូបនីយកម្មភាគលាភប្រជាសាស្រ្ត និងការពង្រឹងភាពធន់ប្រជាសាស្រ្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គសន្និបាតទាំងមូល យកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យបានផុលផុសអំពីសមិទ្ធផលការងារឆ្នាំ២០២៤ និងបញ្ហាប្រឈមទាំងឡាយដែលបានជួបប្រទះ ដើម្បីបានជាធាតុចូលក្នុងការដាក់ចេញជាដំណោះស្រាយនិងការធ្វើអាទិភាវូបនីយកម្មជាទិសដៅការងារក្នុងឆ្នាំ២០២៥នេះ ដោយភាពបុរេសកម្ម ស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងប្រសិទ្ធផល គ្រប់វិស័យការងាររបស់ក្រសួងផែនការ នៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចឱ្យបានជោគជ័យនៅឆ្នាំ២០២៩៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





