កងពលតូចថ្មើរជើងលេខ៥១ជំរុញការអប់រំផ្សព្វផ្សាយដល់យោធិន អំពីវិធានការការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនឹងមេរោគកូរ៉ូណាវីរុស
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥--
កងពលតូចថ្មើរជើងលេខ៥១បាន និង កំពុងជំរុញការយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយដល់យោធិនរបស់ខ្លួនអំពីវិធានការបង្ការទប់ស្កាត់ ការពារមេរោគថ្មី HKU5-COV-2 ស្រដៀងទៅនឹងមេរោគកូរ៉ូណាវីរុសនោះ។

ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយពីវិធានការនានារបស់ក្រសួងសុខាភិបាលដល់យោធិនរបស់ខ្លួននាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ត្រី ង៉ាត ងួន នាយការិយាល័យសុខាភិបាលកងពលតូចថ្មើរជើងលេច៥១ បានឱ្យដឹងថា យោងតាមក្រុមអ្នកវិទ្យាសាស្រ្តចិនបានរាយការណ៍ថា ខ្លួនបានរកឃើញមេរោគប្រចៀវថ្មីដែលមានសមត្ថភាពខ្ពស់ជ្រៀតចូលទៅក្នុងកោសិកាមនុស្សដូចវីរុស SARS-CoV-2 ដែលបង្កឱ្យមានជំងឺកូវីដ-១៩ ដែលបង្កើនលទ្ធភាពដែលអាចឆ្លងដល់មនុស្សនៅពេលខាងមុខបានយ៉ាងឆាប់រហ័ស។ មេរោគផ្លូវដង្ហើមដូចជា SARS-CoV-2 និងមេរោគ HKU5-COV-2 មានលក្ខណៈពិសេសមួយដែលអាចបំបែកខ្លួន និងអាចឆ្លងទៅមនុស្សបានលឿនបំផុតតាមរយៈផ្លូវដង្ហើម។ នៅក្នុងការពិសោធន៍ថ្មីមេរោគ HKU5-COV-2 អាចឆ្លងចូលទៅកោសិកាមនុស្សមានកម្រិតខ្ពស់ខ្លាំងតាមផ្លូវដង្ហើមដែលអាចបង្កដល់ការប៉ះពាល់ដល់អាយុជីវិតសម្រាប់អ្នកដែលបានឆ្លងនោះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរលេខ៥១បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជួយជំរុញការអប់រំផ្សព្វផ្សាយដល់យោធិនឱ្យបានគ្រប់ៗគ្នា ដើម្បីធ្វើយ៉ាងណាការពារទប់ស្កាត់ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស លាងសម្អាតដៃជាមួយសាប៊ូ ឬទឹកអាកុលជាដើមហើយត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនប្រកបដោយអនាម័យការរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច៕

ដោយ ឈុន សារ៉ាត





