ប្រជាពលរដ្ឋ៨ភូមិ ក្នុងស្រុកកំពង់សិលា ទទួលបានបណ្ណកម្មសិទ្ធ
AKP ព្រះសីហនុ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥-- ប្រជាពលរដ្ឋចំនួន៨ភូមិ ក្នុងស្រុកកំពង់សិលានៃខេត្តព្រះសីហនុ ទទួលបានបណ្ណកម្មសិទ្ធ ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅបរិវេណសាលាស្រុកកំពង់សិលា នាព្រឹកថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៨ភូមិនៃស្រុកកំពង់សិលា មានចំនួន ៦,៧១០ក្បាលដី ក្នុងនោះ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ មានចំនួន ៦២៧ក្បាលដី ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ មានចំនួន ៣,២៣៩ក្បាលដី ភូមិបឹងត្រាច ឃុំចំការហ្លួង មានចំនួន ៥៤៤ក្បាលដី ភូមិសម្តេចតា ឃុំចំការហ្នឹង មានចំនួន ៣៦៩ក្បាលដី ភូមិគីរីវន្ត ឃុំស្ទឹងឆាយ មានចំនួន ៨៤៧ក្បាលដី ភូមិអូរតាហយ ឃុំស្ទឹងឆាយ មានចំនួន ១៣៨ក្បាលដី ភូមិស្ទឹងឆាយជើង ឃុំស្ទឹងឆាយ មានចំនួន៤៩២ក្បាលដី និងភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ មានចំនួន ៤៥៤ក្បាលដី។ ក្នុងចំណោម ៦,៧១០ក្បាលដី ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋមាន ៣ប្រភេទរួមមាន៖ ១-ក្បាលដីទទួលបានពីរដ្ឋ គឺប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ២-ក្បាលដីទទួលអំណោយពីជីដូនជីតា ឬឪពុកម្តាយចែកឱ្យ តម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាស្មើសូន្យជាមុនសិនមុននឹងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋ និង៣- ក្បាលដីទិញ-លក់បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរដនសសខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិន។

ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងកម្មវិធីចែកបណ្ណកម្មសិទ្ធនាពេលនេះ ដែលនេះជាទឹកចិត្តសប្បាយរីករាយធ្វើឱ្យដំណើការចុះបញ្ជីដីធ្លី និងឈានដល់ការចែកបណ្ណ ដោយសារមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ ហើយរដ្ឋបាលខេត្តចង់ឃើញពុក ម៉ែ បងប្អូនទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់គ្រប់គ្នា ដើម្បីកាត់បន្ថយនូ ទំនាស់ដីធ្លី នៅពេលទទួលបានបណ្ណនេះ វាមានអត្ថប្រយោជន៍ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងសូមទុកដាក់បណ្ណនេះឱ្យបានត្រឹមត្រូវ ព្រោះរដ្ឋបាលដីធ្លីមិនអាចចេញបណ្ណនេះជូនបងប្អូនម្តងទៀតនោះទេ។ ម្យ៉ាងទៀតបណ្ណនេះបានជួយកាត់បន្ថយនូវទំនាស់ដីធ្លី ដែលរាជរដ្ឋាភិបាលមិនចង់ឃើញមានជម្លោះដីធ្លីនៅទូទាំងក្រុង ស្រុក នៅទូទាំងប្រទេស។ សូមកុំយកបណ្ណកម្មសិទ្ធយកទៅលក់ដូរ ក៏ប៉ុន្តែការដោះដូរយកទៅប្រកបមុខរបប ឬការពង្រីកអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ត្រូវគិតគូពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពរីករាយក្នុងក្រុមគ្រួសារ។ ស្របពេលដែលប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមសាន្តក្រោមម្លប់នៃសុខសន្តិភាព។ ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធជាទីមោទកៈ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់សិលា មន្រ្តីបច្ចេក ទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងយុទ្ធសាស្ត្រផ្សេងទៀត បង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះឈានទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានធ្វើការណែនាំដល់រាជធានី ខេត្ត ជំរុញលើកកម្ពស់វិស័យដីធ្លី ដើម្បីចេញបណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋមានសិទ្ធក្នុងការកាន់កាប់គ្រប់គ្រងដីធ្លីក្នុងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើន៕


ដោយ ងូ សុមុនី





