មេបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត អញ្ជើញធ្វើទស្សនកិច្ចសិក្សាស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់កងការពារព្រំដែនលេខ៥០២
AKP ភ្នំពេញ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទី សុខា នាយសេនាធិការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ ប៉ៃលិន សំឡូត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សាស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់កងការពារព្រំដែនលេខ៥០២ ស្តែងចេញពីលទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម មេបញ្ជាការទិសទី៣ សំឡូត តំណាងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ មេបញ្ជាការវរសេនាតូចលេខ២ និងផ្នែកសឹករងសំឡូតរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកអភិបាលរងស្រុកសំឡូត លោកមេបញ្ជាការរងកងការពារព្រំដែនលេខ៥០៤ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចក្នុងស្រុកសំឡូត។

ក្នុងឱកាសនោះ នាយសេនាធិការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ និងប្រតិភូអមដំណើរ បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ រាល់គោលដៅ និងបានថ្លែងកោតសរសើរដល់អង្គភាពពីសំណាក់ប្រតិភូដែលបានចូលរួម អំពីការខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់អង្គភាពគ្រប់ជាន់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងមានការចូលរួមដ៏សស្រាក់សស្រាំពី នាយទាហាន នាយទាហានរង ពលទាហានគ្រប់ៗរូប។
ស្របពេលនេះដែរអង្គភាពក៏បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារធ្វើការរបស់ជំនាញ ១ខ្នង មាន ៥បន្ទប់ និងបានផ្តល់សេចក្តីសម្រេចប្រគល់ភារកិច្ចជូនមេបញ្ជាការរងថ្មី ១រូប ព្រមទាំងជូននូវលិខិតថ្លែងអំណរគុណចំនួន ២សន្លឹក ដល់សប្បុរសជនលោក ឌា សឿម គ្រូគង្វាលក្រុមគ្រិស្តបរិស័ទ ឃុំសំឡូត និងលោក ឃុត ស៊ឹម វិស្វករទឹកស្អាត ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារ និងបច្ចេកទេសតប្រព័ន្ធទឹកស្អាតនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោសែនចៅកន្លងមក។ ដើម្បីបំពេញតម្រូវការរបស់អង្គភាព ក៏បានឧបត្ថម្ភនូវសូឡាចំនួន៥ផ្ទាំង និងអាវកាក់កងការពារចំនួន ២៥អាវ សម្រាប់បំពាក់បន្ថែម៕


ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





