សិក្ខាសាលាស្តីពី “ការពង្រឹងសុវត្ថិភាពដើម្បីរៀបចំក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅបណ្ណាល័យ ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៥-- ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងសុវត្ថិភាពដើម្បីរៀបចំក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” នៅបណ្ណាល័យខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។

ឯកឧត្តម ហោ សារុន បានលើកឡើងថា សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ បញ្រ្ចាបការយល់ដឹងក៏ដូចជាពង្រឹងភាពទាក់ទាញ និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ ជាពិសេសនៅក្រុងច្បារមន ដើម្បីរៀបចំក្រុងច្បារមនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី តាមរយៈ ការអនុវត្តសូចនាករដែលបានកំណត់នៅក្នុងគោលការណ៍ណែនាំ ស្តីពី “ការរៀបចំទីក្រុងទេសចរណ៍គ្មាន ផ្សែងបារី” របស់ក្រសួងទេសចរណ៍។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងបន្តទៀតថា សិក្ខាសាលាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ធ្វើឡើងដើម្បីបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ជាពិសេសយុវជនដែលជាកុលបុត្រ កុលធីតាខ្មែរឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ភាពស្អាត បៃតង គ្មានផ្សែងបារីដើម្បីទីក្រុងយើងក្លាយជាទីក្រុងដែលមានសោភ័ណភាព បរិស្ថានល្អ មានភាពទាក់ទាញគួរឱ្យចង់មកកម្សាន្ត និងស្នាក់នៅ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង។ ខេត្តកំពង់ស្ពឺមានទាំងរមណីយដ្ឋានបែបបុរាណវិទ្យា បែបប្រវត្តិសាស្ត្រ បែបព្រៃភ្នំ សម្រស់ធម្មជាតិបែបស្រែចចម្ការ និងមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង។ ដូច្នេះ មន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវថ្នល់ ទៅតំបន់ទេសចរណ៍ទាំងអស់របស់ខេត្ត ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាកម្សាន្តផងដែរ។ ក្រៅពីនេះមន្ទីរទេសចរណ៍ខេត្តត្រូវបន្តខិតខំ រៀបចំព្រឹត្តិការណ៍ឱ្យបានច្រើន ដើម្បីបង្ហាញសេវាកម្មថ្មីៗនៅតាមរមណីយដ្ឋានទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានច្រើនកុះករ៕


ដោយ លឹម សាន្ត





