រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការងារប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់របស់ភាគីពាក់ព័ន្ធទាំងអស់ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងសូមលើកទឹកចិត្តអ្នកដែលបានចូលរួមក្នុងសន្និបាតរយៈពេល៣ថ្ងៃយកចិត្តទុកដាក់ឱ្យបានគត់មត់ ដើម្បីទាញយកនូវចំណេះដឹង ឧត្តមានុវត្តន៍ និងព័ត៌មានថ្មីៗក្នុងវិស័យអប់រំជាទុនក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារឈានទៅសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បែបនេះធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍន៍មូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចពីសមិទ្ធផលសំខាន់ៗជាច្រើនក្នុងរយៈពេល១ឆ្នាំកន្លងមកនេះរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ មុំទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ហើយថា សន្និបាតអប់រំប្រចាំឆ្នាំដែលមានរយៈពេល៣ថ្ងៃនេះធ្វើឡើងក្នុងគោលដៅប្រមូលផ្តុំអ្នកអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាពិនិត្យឡើងវិញឱ្យគ្រប់ជ្រុងជ្រោយអំពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡាដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ និងជាឱកាសមួយសម្រាប់ឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខណៈដែលក្រសួងបានធ្វើការផ្សព្វផ្សាយជាសាធារណៈរួចមកហើយនូវរបាយការណ៍ស្តីពីលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ វេទិកាពិភាក្សាជុំវិញឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងវិស័យអប់រំ ការធ្វើបទបង្ហាញស្តីពីសាលារៀនឌីជីថលកម្ពុជា និងការប្រកាសដាក់ឱ្យអនុវត្តសាលារៀនឌីជីថលកម្ពុជាជាដើមនោះ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





