អង្គការ CI និងក្រសួងបរិស្ថានទស្សនកិច្ចទីវាលនៅក្នុងតំបន់រេដបូកជួរភ្នំក្រវាញកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥-- អង្គការអភិរក្សអន្តរជាតិកម្ពុជា CI និងក្រសួងបរិស្ថាន បានធ្វើដំណើរទស្សនកិច្ចទីវាលនៅក្នុងតំបន់រេដបូកជួរភ្នំក្រវាញកណ្តាល ក្នុងតំបន់រេដបូកជួរភ្នំក្រវាញកណ្តាល ភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីបង្គោលរេដបូកជាតិ តំណាងក្រសួងបរិស្ថាន អគ្គនាយកដ្ឋានសំខាន់ៗនៃក្រសួងបរិស្ថាន អភិបាលរងខេត្តកោះកុង មន្រ្តីមកពីមន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស ជនបង្គោលរេដបូកភូមិ និងបុគ្គលិកអង្គការCI សរុបប្រមាណ៣៩នាក់ ជនជាតិដើម៥នាក់។ នេះបើតាមការបញ្ជាក់ពីអង្គការ CI នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ការទស្សនកិច្ចទីវាលនៅក្នុងតំបន់រេដបូក ជួរភ្នំក្រវាញកណ្តាលរបស់អង្គការ CI និងក្រសួងបរិស្ថាន គឺក្នុងគោលបំណងចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្វែងយល់បន្ថែមពីតម្រូវការសម្រាប់ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាលឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។ ក្នុងដំណើរទស្សនកិច្ចនេះ អ្នកចូលរួមបានចុះទៅកាន់តំបន់គោលដៅសំខាន់ៗចំនួនបួន រួមមានការិយាល័យអង្គការអន្តរជាតិ កម្ពុជា ស្រុកថ្មបាំង សហគមន៍អនុវត្តកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ រួមមានក្រុមចិញ្ចឹមមាន់ និងក្រុមផលិតប្រេងស្លឹកគ្រៃ សហគមន៍អនុវត្តម្មវិធីសម្របសម្រួលសហគមន៍ និងយន្តការបែងចែកផលប្រយោជន៍ពីគម្រោងរេដបូក និងទីស្នាក់ការមន្ត្រីឧទ្យានុរក្សស្រុកថ្មបាំង ខេត្តកោះកុង។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ អ្នកចូលរួមបានស្វែងយល់អំពីទិដ្ឋភាពទូទៅនៃគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល បានស្វែងយល់ពីសកម្មភាពចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព និងបានជួបជាមួយជនបង្គោលរេដបូកភូមិ ដើម្បីពិគ្រោះអំពីការបង្កើតជនបង្គោលរេដបូកភូមិ និងយន្តការបែងចែកផលប្រយោជន៍ពីគម្រោងរេដបូក ព្រមទាំងជួបសំណេះសំណាលជាមួយមន្ត្រីឧទ្យានុរក្ស ដើម្បីស្វែងយល់បន្ថែមអំពីគម្រោង និងសកម្មភាពអនុវត្តច្បាប់ក្នុងតំបន់ការពារនៃឧទ្យានជាតិជួរភ្នំក្រវាញដែរ។

គួរដឹងដែរថា កម្មវិធីតំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល និងគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល ត្រូវបានបើកឱ្យដំណើរការកាលពីឆ្នាំ២០២២ តាមរយៈការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពយូរអង្វែង ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ការគ្រប់គ្រង តំបន់ទេសភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា សហគមន៍នៅក្នុង និងជុំវិញតំបន់នោះ៕



ដោយ ណយ នឿន (ប្រភព៖ CI)





