ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ។
ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបណ្ដុះបណ្ដាលកម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតប្រកបដោយគុណភាពមានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀមានក្រុមប្រឹក្សាភិបាល បុគ្គលិក គ្រូបង្រៀនសរុបចំនួន ៣៥៩នាក់(នារី ៨៤នាក់) និងនិស្សិតកំពុងសិក្សាសរុបចំនួន ៥.៣២៧នាក់(នារី ៣.២៩៨នាក់)។
ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀនាំឱ្យសាកលវិទ្យាល័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប មានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការទទួលស្គាល់ពីស្ថាប័នជាតិ អន្តរជាតិ និងទទួលបានសមិទ្ធផលចម្បងៗដូចខាងក្រោម៖
១. ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា(ACC)
២.ជាសមាជិក នៃស្ថាប័នធានាគុណភាព នៃបណ្ដាញសាកលវិទ្យាល័យអាស៊ាន(AUN-QA)
៣.មានកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ UNICEF អង្គការមូលនិធិអាស៊ី ដើម្បីបង្កើតមណ្ឌលព័ត៌មានសាធារណៈ
៤.មានកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដើម្បីបង្កើតបណ្ណាល័យអាមេរិក
៥.មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ដូចជាប្រទេសអង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ស៊ុយអែត ជប៉ុន កូរ៉េ ចិន ថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរនិស្សិតសិក្សា ចុះកម្មសិក្សា ផ្លាស់ប្តូរវប្បធម៌ អភិវឌ្ឍកម្មវិធីអប់រំបណ្តុះបណ្តាលកម្មវិធីឆ្លងដែន(Cross-Border Programs) និងស្រាវជ្រាវរួមគ្នាជាដើម
៦.មានការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ដែលមាននិស្សិតចុះឈ្មោះចូលរៀនប្រមាណ ២០០០នាក់ នៃឆ្នាំសិក្សានីមួយៗ
៧. មានការទទួលស្គាល់ និងគាំទ្រពីទីផ្សារការងាររួមមាន៖ ស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ តាមរយៈនិស្សិតកំពុងសិក្សា និងបញ្ចប់ការសិក្សាទទួលបានការងារធ្វើជាអតិបរមា
៨. មានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀកម្រិតស្តង់ដាអន្តរជាតិ ដែលសាកលវិទ្យាល័យមានផ្ទៃដីប្រមាណ ៤០ហិកតាស្ថិតនៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប សម្រាប់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ រួចរាល់ហើយ ។
ទន្ទឹមនឹងសមិទ្ធផលចម្បងៗខាងលើនេះ សាកលវិទ្យាល័យ បានរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៥០០០នាក់ ។
ជាមួយនឹងសមិទ្ធផលដ៏ធំធេងខាងលើនេះ ឯកឧត្ដមបណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ហើយនឹងត្រូវទទួលសញ្ញាបត្រនាពេលនេះ ។
ឯកឧត្ដមបណ្ឌិត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សូមសំដែងនូវការកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀន នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត និងប្រាជ្ញា ដោយមានឆន្ទៈមោះមុត មានគំនិតច្នៃប្រឌិត និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំគ្រប់គ្រងបង្ហាត់បង្រៀន និងអប់រំណែនាំនិស្សិត ស្របតាមផែនការយុទ្ធសាស្ត្រ ផែនការបណ្ដុះបណ្តាល និងបទដ្ឋានគតិយុត្តរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀនាំឱ្យសាកលវិទ្យាល័យទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងសមិទ្ធផលចម្បងៗជាទីមោទនៈនាពេលនេះ ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ បន្តការពារ និងថែរក្សាសន្តិភាពនៅព្រះរាជាណាចក្រកម្ពុជាឱ្យស្ថិតស្ថេរជានិរន្តរ៍ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកខ្ពស់លើវិស័យទេសចរណ៍ ដែលនាំឱ្យភ្ញៀវទេសចរណ៍បរទេសមានចំនួនកើនឡើងជាង២៨%នៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ និងបានលើកកម្ពស់គុណភាពអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាទំពាំងស្នងឫស្សីសម្រាប់ចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត ។
ដូច្នេះសូមប្អូនៗនិស្សិត នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀទាំងអស់ត្រូវស្រឡាញ់ការសិក្សាស្រាវជ្រាវពេញមួយជីវិត និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សាបន្ថែមទៀត ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ ជំនាញ និងឥរិយាបថល្អសម្រាប់អភិវឌ្ឍជីវិតខ្លួនឯង សេដ្ឋកិច្ចគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ៕
ដោយ៖ គង់ សិរីរ័ត្ន





