លោកឧកញ៉ា ជា ធីឡាយ ចាត់ទុកការជួយទំនុកបម្រុងដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាថាមានសារៈសំខាន់ខ្លាំងណាស់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានចាត់ទុកការជួយទំនុកបម្រុងដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងរីកចម្រើនបន្ថែមទៀត ខណៈដែលមានពលរដ្ឋកម្ពុជាប្រមាណជាង ៩០ភាគរយជាពុទ្ធសាសនិក។ ការលើកឡើងរបស់លោកឧកញ៉ា ជា ធីឡាយ ដូចនេះធ្វើឡើងក្នុងពិធីបុណ្យឆ្លងព្រះពុទ្ធរូបទ្រង់បរិនិព្វាន ព្រះអគ្គសាវ័ក៥អង្គ និងព្រះវិហារជួសជុលកែលម្អថ្មី ព្រមទាំងសមិទ្ធផលនានា នៅវត្តរំលក ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧកញ៉ាបានបន្តថា ក្នុងនាមយើងជាពុទ្ធបរិស័ទពិតជាមានក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកប្រកបដោយសទ្ធាជ្រះថ្លា និងទៅតាមលទ្ធភាពរៀងៗខ្លួន ក្នុងការទំនុកបម្រុងចំពោះព្រះពុទ្ធសាសនា ស្របពេលដែលព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានស្តារ និងកសាងឱ្យមានការរីកចម្រើនឡើងវិញ នៅក្រោយការបំផ្លិចបំផ្លាញក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យ ដែលការរីកចម្រើនឡើងវិញនៃវិស័យព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដទៃៗទៀតនៅកម្ពុជា គឺដើរទន្ទឹមគ្នានឹងការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស។

ក្នុងឱកាសនេះ លោក រស់ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ក្នុងនាមអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងមូលដ្ឋាន បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវ យូរ ឃីម ធីឡាយ ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលនៅក្នុងវិស័យព្រះពុទ្ធសាសនានៅទីនេះ ជាពិសេសនៅវត្តរំលកនេះផ្ទាល់តែម្តង ដែលធ្វើឱ្យទីវត្តអារាមទាំងមូលមានការអភិវឌ្ឍជាបន្តបន្ទាប់បានកែប្រែមុខមាត់ពីមួយឆ្នាំទៅមួយឆ្នាំគួរជាទីមោទនៈ។

លោកអភិបាលស្រុកអង្គរបូរីបានថ្លែងថា វត្តរំលកនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ១៤៩០ គិតមកដល់បច្ចុប្បន្នវត្តមានអាយុកាល៥៣៥ឆ្នាំ និងត្រូវបានបំផ្លិចបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទីអារាមនេះត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ ពុទ្ធបរិស័ទ ដែលនៅរស់រានមានជីវិតបានមូលមតិគ្នាចាប់ផ្តើមកសាងឡើងវិញជាបន្តបន្ទាប់៕
ដោយ៖ ចាន់ សុភឿន





