អភិបាលរងខេត្តកំពង់ធំអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅសាលាបឋមសិក្សាក្តីដូង
AKP កំពង់ធំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥--
លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ឃុំ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាបឋមសិក្សាក្តីដូងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកនាយកសាលា លោកគ្រូអ្នកគ្រូសិស្សានុសសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់។

លោកស្រី លំ គន្ធារី បានកោតសរសើរដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ គណៈកម្មការ មាតាបិតាសិស្ស ដែលបានមូលមតិគ្នាធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាមកសាងសង់អភិវឌ្ឍសាលាបឋមសិក្សានេះជារៀងរាល់ឆ្នាំ និងមានឆ្លងសមិទ្ធផលក្នុងឆ្នាំនីមួយៗ។ ទង្វើទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីសាមគ្គីភាពគ្នាក្នុងឃុំ/ស្រុក ប្រកបដោយតម្លាភាព ក្នុងការកែលម្អបរិស្ថានសាលារៀនឱ្យមានសោភ័ណភាពស្រស់បំព្រងដើម្បីទាក់ទាញសិស្សមកសិក្សារៀនសូត្របានគ្រប់ៗគ្នា និងបានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូឱ្យយកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនពិសេសគឺអប់រំសិស្សានុសិស្សឱ្យមានសីលធម៌ល្អ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ចៀសសឱ្យឆ្ងាយពីគ្រឿងញៀន ចេះជួយយកអាសារគ្នា។ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច សិស្សពូកែចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្សខ្សោយ។ សូមមាតាបិតាសិស្ស យកចិត្តទុកដាក់ ជួយបង្រៀនកូនៗ បន្ថែមនៅផ្ទះ ត្រូវផ្លាស់ប្ដូរផ្នត់គំនិត ចំពោះការបណ្ដោយឱ្យកូនៗ និងសិស្សានុសិស្ស ដែលមិនគ្រប់អាយុប្រើប្រាស់ទូរសព្ទ។

សូមបញ្ជាក់ថា ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានានៅសាលាបឋមសិក្សាក្តីដូងនាពេលនេះ លោកស្រីអភិបាលរងខេត្តកំពង់ធំ បានចូលថវិកាបុណ្យចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកឧបត្ថម្ភសិស្សរបាំជូនពរចំនួន២០ម៉ឺនរៀលចែកជូនលោកយាយលោកតា៤០នាក់ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល និង សិស្សានុសិស្ស១២០នាក់ម្នាក់ៗថវិកា៥០០០រៀល ព្រមទាំងបានឧបត្ថម្ភដល់មន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាការពារចំនួន៧ម៉ឺនរៀលផងដែរ៕

ដោយ ស៊ុម វណ្ណា





