ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចាប់អារម្មណ៍លើការបន្តពង្រឹងពង្រីកទំនាក់ទំនងក្នុងវិស័យអប់រំជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥-- លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ លើវិស័យអប់រំជាមួយកម្ពុជា តាមរយៈការផ្លាស់ប្តូរនិស្សិត ការចុះកម្មសិក្សាជំនាញកសិកម្ម ឧស្សាហកម្ម វិស្វកម្ម បច្ចេកវិទ្យា និងការអប់រំ ព្រមទាំងបានចែករំលែកពីលក្ខណៈពិសេសនៃប្រព័ន្ធអប់រំរបស់អ៊ីស្រាអែល ដែលមានការរៀបចំគន្លងអប់រំតាំងពីថ្នាក់ទី២ និងការផ្តោតយកចិត្តទុកដាក់លើការអប់រំកុមារតូច ជាពិសេសចំពោះកុមារអូទីហ្សឹម ដោយមិនទុកពួកគេឱ្យនៅដាច់ដោយឡែកឡើយ ហើយថែមទាំងជួយឱ្យពួកគេអាចរកឃើញទេពកោសល្យពិសេសរបស់ខ្លួន និងបន្តសម្រួចសក្តានុពលនេះឱ្យកាន់តែខ្លាំងឡើង។ ការបញ្ជាក់របស់លោកជំទាវឯកអគ្គរដ្ឋដូចនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថ្មីជាមួយកម្ពុជារវាងលោកជំទាវ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលបានយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។


សូមជម្រាបជូនថា តាមរយៈកិច្ចព្រមព្រៀងថ្មីនេះភាគីទាំងពីរ កម្ពុជា និងអ៊ីស្រាអែល នឹងសម្របសម្រួលជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួនផ្អែកលើគោលដៅអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ រួមមាន ១.សម្របសម្រួលជំរុញ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងវិជ្ជាជីវៈនៃប្រទេសទាំងពីរ ២. ជំរុញឱ្យមានការចូលរួមក្នុងទស្សនកិច្ចសិក្សាអប់រំ និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធ ផ្សេងៗ ដែលត្រូវបានផ្តួចផ្តើមដោយភាគីណាមួយ ៣.ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្រូបង្រៀន ជំនួយការគ្រូបង្រៀន និងនាយកសាលានៅកម្រិត មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ៤.ការផ្លាស់ប្តូរកម្មវិធីសិក្សាគរុកោសល្យ វិធីសាស្ត្របង្រៀន និងសម្ភារៈផ្សេងៗ ៥.ផ្លាស់ប្តូរព័ត៌មានដែលផ្តល់ផលប្រយោជន៍រួម ដូចជា ព័ត៌មានស្តីពីបរិយាបន្នសង្គមក្នុងវិស័យអប់រំ កម្មវិធីជួយដល់សិស្សក្រីក្រ និងកុមារពិការ ការអប់រំសិស្សពូកែ និងសិស្សឆ្នើម ៦.ជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាអ៊ីស្រាអែលក្នុងប្រទេសកម្ពុជា និងកម្មវិធីសិក្សាភាសាខ្មែរក្នុងប្រទេសអ៊ីស្រាអែល និង ៧.លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្តូរផ្នែកកីឡា និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





