កម្មករនិយោជិតរោងចក្រ ហ្វ័រម៉ាត ទទួលបានប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗ បានយ៉ាងលឿនរហ័ស ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងការងារ និងភាគីរោងចក្រ
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥–កម្មករនិយោជិត សរុបចំនួន ៤៤១ នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលត្រូវបានអគ្គិភ័យឆាបឆេះ បានបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់អត្ថប្រយោជន៍ផ្សេងៗរួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅក្នុងបរិវេណសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការយកចិត្តទុកដាក់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី។
ក្រុមកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ថ្ងៃនេះពួកគាត់ពិតជាសប្បាយចិត្តជាខ្លាំង ដែលខាងក្រសួងការងារ និងខាងរោងចក្រ រៀបចំសម្របសម្រួលឱ្យពួកគាត់បានបើកប្រាក់ឈ្នួល។ ក្រុមកម្មករនិយោជិតបានលើកឡើងថា ការដំណើរការបើកប្រាក់ឈ្នួលនៅថ្ងៃនេះ ពិតជាលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ។


ក្រុមកម្មករនិយោជិតទាំងអស់ ក៏បានលើកឡើងបន្ថែមទៀតថា កន្លងមកនេះក្រសួងការងារបានជួយពួកគាត់ច្រើនណាស់ ដូចជាការរកកន្លែងការងារថ្មី បន្តផ្ដល់ជូនអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺតែងតែជួបសំណេះសំណាល ខ្វាយខ្វល់ពីសុខទុក្ខរបស់កម្មករនិយោជិត បន្ទាប់ពីរោងចក្រត្រូវបានរងហានិភ័យដោយអគ្គិភ័យឆាបឆេះ ផងដែរ ។
ទន្ទឹមនេះ ពួកគាត់គឺពិតជាអរគុណជាខ្លាំង ចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់ក្រសួងការងារ ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ដែលបានខិតខំបំពេញការងាររហូតដល់កម្មករអាចមកបើកប្រាក់ឈ្នួល និងយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់បងប្អូនកម្មករនិយោជិតទាំងអស់ តាំងពីថ្ងៃកើតហេតុ រហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យ នៅថ្ងៃនេះ ។


ជាមួយគ្នានេះ លោកស្រី អាន់ នីកា ប្រធានរដ្ឋបាល នៃរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានលើកឡើងថា ក្នុងនាមលោកស្រីជាតំណាងភាគីរោងចក្រ និងកម្មករនិយោជិតទាំងអស់ លោកស្រីពិតជាមានក្ដីសោមនស្សរីករាយណាស់ ពេលលោកស្រីឃើញកម្មករនិយោជិតទាំងអស់ បានទទួលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ យ៉ាងលឿនរហ័ស ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកបដោយភាពរលូន និងស្របតាមច្បាប់ត្រឹមត្រូវ។ លោកស្រីបញ្ជាក់ទៀតថា ក្នុងនាមរោងចក្រ និងតំណាងកម្មករនិយោជិតនៃរោងចក្រ ហ្វ័រម៉ាត ទាំងអស់ពិតជាអរគុណជាខ្លាំងដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងការងារ ដែលបានសហការយ៉ាងយកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។


ទន្ទឹមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវឱ្យកម្មករនិយោជិត ទាំងអស់ បន្តស្វែងរកការងារថ្មី តាមរយៈមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA ) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសូមជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ ដែលតែងតែខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានាជូនបងប្អូនកម្មករនិយោជិតទាំងអស់ប្រកបដោយតម្លាភាព លឿនរហ័ស និងទាន់ពេលវេលា៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងការងារ





