គម្រោងរេដបូកបានជួយឱ្យកសិករបង្កើតមុខរបរចិញ្ចឹមមាន់ដែលអាចជួយឱ្យជីវភាពល្អប្រសើរជាងមុន
AKP ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជ្រើសរើសមុខរបរក្នុងការចិញ្ចឹមមាន់ បានធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង និងមុខរបរនេះទៀតក៏ងាយស្រួលដោយមិនចាំបាច់ចំណាកស្រុក ឬចូលព្រៃកាប់ឈើ ឬពឹងលើផលនិងអនុផលព្រៃដូចកាលពីមុនទៀតឡើយ។

កញ្ញា ផេង សោភា ប្រធានក្រុមអ្នកគាំទ្រសហគមន៍នៃគម្រោងរេដបូកជួរភ្នំក្រវាញរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា មុខរបរចិញ្ចឹមមាន់ បើទោះបីមើលទៅតូចតាច ប៉ុន្តែអាចរកប្រាក់ចំណូលបានល្អប្រសើរ ហើយបានទ្រទ្រង់ជីវភាពប្រជាពលរដ្ឋនៅក្នុងឬនៅក្បែរសហគមន៍តំបន់ការពារធម្មជាតិ មានការគិតគូរផ្សេងពីការចូលព្រៃ ប្រកបរបរចាប់សត្វព្រៃ ឬកាប់ឈើជាដើម។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកគម្រោង រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងរបស់អង្គការសម្ព័ន្ធមិត្តបានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប។ ក្រៅពីនេះក៏បានបច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់ សមាជិក គម្រោងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន។តាមរយៈគម្រោងនេះមានពលរដ្ឋចំនួន១០គ្រួសារនៅភូមិឆាយលូកបានស្ម័គ្រចិត្តដើម្បីចិញ្ចឹមមាន់ និង១គ្រួសារផ្សេងទៀតបានចិញ្ចឹមកង្កែប ហើយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ពួកគាត់បានផ្លាស់ប្តូរជីវភាពគួរឱ្យកត់សម្គាល់។

អ្នកស្រី ញ៉ែម ខាត់ណា រស់នៅភូមិឆាយលុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្តើមចិញ្ចឹមមាន់ស្រុកជាអាជីព បន្ទាប់ពីបានការបណ្តុះបណ្តាលនិងចែកពូជពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ក្នុងអំឡុងចុងឆ្នាំ២០២២។ មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។ ក្រោយមកអ្នកស្រី និងគ្រួសារ បានទទួលការគាំទ្រពីគម្រោង ដែលក្នុងបានជួយរៀបចំ សាងសង់ទ្រុង និងផ្តល់មាន់ពូជជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ ក្នុងរយៈពេលត្រឹមតែ៣ខែ មាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់។ គ្រួសារអ្នកស្រី បានផ្លាស់ប្តូរជីវភាពមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។

ដោយឡែក លោក ភ្ញាំង ភាព ដែលជាអ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។ គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម ដោយបានបញ្ជាក់ថា ពិតណាស់វាបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ។មុខរបរចិញ្ចឹមមាន់បើយើងមើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់ ពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។

សូមជម្រាបថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយក្រសួងបរិស្ថាន បានសម្រេចបង្កើតគម្រោងរេដបូក ភ្នំសំកុសឡើងដើម្បី ឆ្លើយតបទៅនឹង ការគំរាមកំហែងដល់ដែនជម្រកសត្វព្រៃភ្នំសំកុស និងច្រករបៀងអភិរក្ស ជីវៈចម្រុះជួរភ្នំក្រវាញ ដែលជាប្រព័ន្ធតំបន់ការពារធម្មជាតិ។ គម្រោងរេដបូក (REDD+: Reducing Emissions from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មន ផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណងធំៗពីរ គឺការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល៕

ដោយ៖ ដេប៉ូ





