អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជានាំយកអំណោយជូន សិស្សក្រីក្រនៅវិទ្យាល័យតាអី ស្រុកប្រាសាទបាគង
AKP សៀមរាប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា បានសហការគ្នានាំយកអំណោយជាកុំព្យូទ័រចំនួន១៥គ្រឿង កង់១០០គ្រឿង រួមនឹងសម្ភារសិក្សា៥០០កញ្ចប់ និងសម្លៀកបំពាក់មួយចំនួនយកទៅចែកជូនដល់សិស្សានុសិស្សក្រីក្រដែលកំពុងសិក្សានៅក្នុងវិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលការនាំយកអំណោយទៅចែកនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

នៅវិទ្យាល័យតាអី គេសង្កេតឃើញសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នាយកសាលា រួមទាំងលោកអភិបាលរងស្រុកប្រាសាទបាគងបានរង់ចាំទទួលក្រុមអង្គការយ៉ាងរស់រាយរាក់ទាក់បំផុត។ ហើយខាងក្រុមអង្គការក៏មានចិត្តរំភើបរីករាយឥតឧបមាដែរ។លោក ហាក់ គឹមឈឺន នាយកវិទ្យាល័យតាអី បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ ផ្តល់អំណោយជាសម្ភារសិក្សាជូនដល់សាលារបស់លោក រួមជាមួយនឹងការសាងសង់នូវបង្គន់អនាម័យ៤បន្ទប់ ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារសិក្សាជាច្រើនទៀត។ ហើយជាមួយគ្នានោះដែរ លោកនាយកសាលាក៏បានសំណូមពរដល់អង្គការឱ្យបន្តជួយផ្តល់នូវសម្ភារសិក្សាដល់សាលា ដើមី្បបំពេញតម្រូវការសិស្សសិក្សានៅឆ្នាំខាងមុខផងដែរ។

ចំណែក លោក នៅ សំរដ្ឋា អភិបាលរងស្រុកប្រាសាទបាគង ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងបានជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកប្រាសាទបាគងរបស់លោក ជាពិសេសអំណោយកង់ទាំងនេះ ដែលជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួន ព្រោះក្មួយៗនេះហើយដែលជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត។

លោកអភិបាលរងស្រុកក៏បានអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ ដែលតែងតែយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សបន្តទៀត និងបានសំណូមពរដល់អង្គការសូមបន្តនូវប្រពៃណីនៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្តសៀមរាប ដែលមានសាលាជួបនូវការខ្វះខាតបន្តទៀត ហើយបានផ្តាំផ្ញើផងដែរដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល និងគណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការដើមី្បប្រើប្រាស់បានយូរអង្វែង។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី លីឌា និងលោកស្រី ឃូរីន ជាថ្នាក់ដឹកនាំអង្គការឡូតារីក្លីប សិនតូសា និងលោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា សុទ្ធសឹងតែបានសម្តែងនូវភាពត្រេកអរដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឱ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សវិទ្យាល័យតាអីនេះ។

លោកស្រីមានគំនិតដូចគ្នាសុទ្ធសឹងតែបានធ្វើការណែនាំដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បឱ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។ ហើយដើមី្បឱ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សា។ ហើយអង្គការនឹងនៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការធ្វើទៅបានបន្ថែមទៀត៕

ដោយ ហង្ស សៀក





