មេឃុំម្សាក្រងដឹកនាំសហការី និងអង្គភាពពាក់ព័ន្ធធ្វើយុទ្ធនាការ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”
AKP កំពង់ធំ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក ចន វុទ្ធី មេឃុំម្សាក្រង បានដឹកនាំសហការី និងអង្គភាពពាក់ព័ន្ធធ្វើយុទ្ធនាការ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” និងអនាម័យនៅតាមទីសាធារណៈនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការគាំពារបរិស្ថានស្អាត គ្មានគំនរសំរាម គ្មានភក់ជ្រាំ គ្មានក្លិនអាក្រក់ និងការបំពុលប្រភពទឹក។

លោក ចន វុទ្ធី បានឱ្យដឹងថា យុទ្ធនាការនេះក៏ជាការលើកកម្ពស់សោភ័ណភាព អនាម័យ សុខភាពសាធារណៈ និងនាំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពរឹងមាំ ដោយសារគ្មានក្លិន កង្វក់ ឬការបំពុលបរិស្ថាន ជាពិសេសការបំពុលបរិយាកាសការក្នុងការដកដង្ហើម និងទឹកស្ទឹងស្ទោង ដែលជាប្រភពទឹកប្រើប្រាស់ដ៏ធំ និងសំខាន់ជាងគេរបស់ឃុំ និងជាការបណ្ដុះទម្លាប់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សហគមន៍ទាំងមូលឱ្យយល់ដឹង ព្រមទាំងកាត់បន្ថយ និងបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក មិនចោលសំរាមនៅទីសាធារណៈ ពាសវាលពាសកាលដូចមុនទៀត។

ក្នុងយុទ្ធនាការសម្អាតបរិស្ថាននោះ មានការចូលរួមពីកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំង៧សាលា មន្ត្រីមណ្ឌលសុខភាព យុវជនស.ស.យ.ក ឃុំ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៦៧៨នាក់ (ស្រី៤៨៨នាក់)៕



ដោយ ស៊ុម វណ្ណា





